ប្រយ័ត្នទាំងអស់គ្នា! ត្រឹមខែសីហា ព្រះវិហារសាសនានៅកូរ៉េ បន្តជាប្រភពចម្លងកូវីដ-១៩ ជាលក្ខណៈសហគមន៍​ រាប់ពាន់ករណីឯណោះ

សេអ៊ូល៖ នៅកូរ៉េខាងត្បូង ករណីឆ្លងកូវីដ-១៩ ជាសហគមន៍ដែលមានប្រភពចេញពីព្រះវិហារត្រឹមក្នុងខែសីហានេះ មានដល់ជាង ១៥០០ករណី បើតាមការរាយការណ៍ពីអជ្ញាធរសុខាភិបាលកូរ៉េកាលពីថ្ងៃសុក្រម្សិលមិញ។

ករណីឆ្លងចំនួន ១៤៦០ ករណី ត្រូវបានរាយការណ៍ថាមានប្រភពចេញពីវិហារសាសនាចំនួន ១២ ទូទាំងប្រទេសកូរ៉េក្នុងអំឡុងខែសីហា បើតាមទិន្នន័យផ្តល់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងបង្ការជំងឺឆ្លងរបស់កូរ៉េ (KCDC)។ នៅក្នុងអំឡុងខែសីហាកន្លងមកនេះ ករណីឆ្លងកូវីដ-១៩ ថ្មីមានដល់ជាង ៤០០០ ករណី ដែលក្នុងនោះមួយភាគធំមានប្រភពចេញពីព្រះវិហារសាសនា និងចេញពីក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានរៀបចំកាលពីថ្ងៃទី ១៥ សីហាកន្លងទៅ នៅក្នុងទីក្រុងសេអ៊ូល។

បើតាមការលើកឡើងរបស់មន្ត្រីជំនាញ ករណីឆ្លងចេញពីប្រភពព្រះវិហារ គឺបណ្តាលមកពីការមិនបានអនុវត្តទៅតាមវិធានការដែលបានកំណត់ឱ្យ ដូចជាមិនបានពាក់ម៉ាស់ក្នុងអំឡុងពេលធ្វើពិធីសាសនាផ្សេងៗក្នុងវិហារជាដើម។

ជាការព្រួយបារម្ភដែរ មួយភាគធំនៃអ្នកដែលឆ្លងកូវីដ-១៩ ចេញពីប្រភពព្រះវិហារ គឺអ្នកដែលមានវ័យចំណាស់ ដែលក្នុងចំណោម ១៤៦០ ករណី មានដល់ ៥៣៩ ករណី (ប្រមាណ ៣៦.២%) មានអាយុច្រើនជាង ៦០ឆ្នាំ ហើយក្នុងនោះមាន ២៤ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។

រដ្ឋាភិបាលកូរ៉េបានដាក់ចេញបទបញ្ជាមិនឱ្យទីតាំងសាសនា អនុវត្តពិធីផ្សេងៗទៀតជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបន្តរាលដាលនៃជម្ងឺនេះគួរឱ្យព្រួយបារម្ភ។ លោកប្រធានាធិបតី មូន ជេអ៊ីន ក៏បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពទាំងអស់គ្នាផងដែរ។

នៅថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងនៅបន្តមានករណីឆ្លងថ្មី ចំនួន ៣២៣ ករណី ដែលនាំឱ្យតួលេខសរុបមានដល់ ១៩៤០០ ករណីហើយ ខណៈដែលករណីបាត់បង់ជីវិតមានដល់ ៣២១នាក់ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *