សេអ៊ូល និងតំបន់ជុំវិញ នឹងបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត២ រយៈពេលមួយសប្តាហ៍ទៀត ទោះជាចំនួនកូវីដឆ្លងថ្មីកើនឡើងគួរឱ្យបារម្ភ

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិតទី២ របស់ខ្លួនបន្តទៀតនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ សម្រាប់រយៈពេលមួយសប្តាហ៍បន្តទៀត បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េនៅព្រឹកថ្ងៃសៅរ៍នេះ។

វិធានការគម្លាតសង្គមកម្រិតទី២ ដែលនឹងត្រូវផុតកំណត់អនុវត្តនៅសប្តាហ៍នេះ ត្រូវបានបន្តបន្ថែមដល់សប្តាហ៍ក្រោយ យោងតាមស្មារតីនៃកិច្ចប្រជុំរដ្ឋាភិបាលឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩។

យ៉ាងណាមិញ បើទោះជាថ្មីៗនេះមានការបន្តកើនឡើងឆាប់រហ័សនៃករណីឆ្លងថ្មីក៏ដោយ លោកនាយករដ្ឋមន្ត្រី  Chung Sye-kyun លើកឡើងថា វិធានការគម្លាតសង្គមកម្រិតទី៣ ដែលជាកម្រិតចុងក្រោយនោះ នៅមិនទាន់អាចអនុវត្តនោះទេ ដោយសារផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ចនៃវិធានការដ៏តឹងតែងនោះ។ ផ្ទុយមកវិញ រដ្ឋាភិបាលនឹងបន្តពិភាក្សារកយន្តការដើម្បីរឹតបន្តឹងបន្ថែមលើសកម្មភាពប្រចាំថ្ងៃវិញ​ ដូចជាកម្រិតបន្ថយម៉ោងប្រតិបត្តិការភោជនីយដ្ឋាន ឬហាងកាហ្វេជាដើមវិញ។

លោកនាយករដ្ឋមន្ត្រី  Chung Sye-kyun

ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រី  Chung Sye-kyun ក៏បានជម្រុញឱ្យព្រះវិហារសាសនានានា ផ្អាកបណ្តោះអាសន្នពិធីសាសនាផ្សេងៗដែលអាចជាហានិភ័យនៃការបន្តឆ្លងជាសហគមន៍ថ្មី។ សូមបញ្ជាក់ថា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចរដ្ឋបាលឱ្យព្រះវិហារសាសនាផ្អាកនូវសកម្មភាពជួបជុំសាសានានៅរៀងរាល់ថ្ងៃអាទិត្យ ហើយប្រសិនបើមានវិហារណាមិនអនុវត្តតាម នឹងត្រូវទទួលពិន័យធ្ងន់ធ្ងរផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃសុក្រនេះ មានករណីឆ្លងថ្មីចំនួន ៣៧១ នាក់ ខណៈដែលថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មានករណីឆ្លងដល់ ៤៤១ ករណី​ដែលជាចំនួនឆ្លងថ្មីខ្ពស់បំផុតក្នុងរយៈពេល ៦ ខែចុងក្រោយ។ ចំនួនករណីឆ្លងសរុបមានដល់ ១៩០៧៧ ករណីហើយ ក្នុងនោះមាន ១៤៥៥១ នាក់បានជាសះស្បើយទាំងស្រុងផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *