សេអ៊ូល៖ កម្ពុជារំពឹងនឹងទទួលបានវិនិយោគទុនបន្ថែមពីកូរ៉េខាងត្បូងលើវិស័យគ្រឿងបង្គុំអេឡិចត្រូនិក សម្រាប់នាំចេញទៅក្រៅ ខណៈដែលជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបានបង្វែររោងចក្រផលិតជាច្រើនមកកាន់តំបន់អាស៊ានវិញ នេះបើតាមការលើកឡើងរបស់ទូតកម្ពុជានៅកូរ៉េ លោក ឡុង ឌីម៉ង់ ប្រាប់សារព័ត៌មាន The Phnom Penh Post។
លោក ឡុង ឌីម៉ង់ លើកឡើងថាគាត់ និងក្រុមការងារស្ថានទូតកំពុងព្យាយាមទាក់ទាញអ្នកវិនិយោគទុនកូរ៉េឱ្យមកសាងសង់រោងចក្រតម្លើងគ្រឿងអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការបង្កើតការងារថ្មី និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
ក្រុមហ៊ុនកូរ៉េជាច្រើនបានកំពុងសម្លឹងមើល ក្នុងការផ្លាស់ទីតាំងផលិតពីរោងចក្រប្រទេសចិន មកកាន់តំបន់អាស៊ានវិញ ក្នុងអំឡុងពេលនៃវិបត្តិជម្លោះពាណិជ្ជកម្មចិន និងអាម៉េរិក។ ក្នុងនោះប្រទេសអាស៊ានដែលទាក់ទាញមានដូចជាកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ីជាដើម។ លោកទូតបញ្ជាក់ថែមទៀតថា បច្ចុប្បន្ននេះវៀតណាមបានទទួលការវិនិយោគធំៗពីក្រុមហ៊ុនយក្សរបស់កូរ៉េដូចជា LG និង Samsung ដែលក្នុងការខ្សែសង្វាក់ផលិតកម្ម ត្រូវការគ្រឿងបង្គុំដើម្បីយកទៅផ្គុំបានជាផលិតផលសម្រេច។ ដោយមើលឃើញតម្រូវការខ្សែសង្វាក់ផលិតកម្មនេះហើយ លោក ឡុង ឌីម៉ង់ បានកំពុងព្យាយាមសស្រាក់សស្រាំដើម្បីឱ្យអ្នកវិនិយោគកូរ៉េ មកបោះទុនវិនិយោគនៅកម្ពុជា និងផលិតគ្រឿងបង្គុំសម្រាប់ក្រុមហ៊ុនធំៗទាំងនោះ។
លោកទូតបញ្ជាក់ថែមទៀតថា ដោយមានអ្នកវិនិយោគទុនកូរ៉េកាន់តែច្រើនឡើង បានចាប់អារម្មណ៍ឪកាសវិនិយោគនៅកម្ពុជា លោកគ្រោងនឹងធ្វើបទបង្ហាញមួយស្តីអំពីឱកាស និងសក្តានុពលរបស់កម្ពុជា ជូនដល់អ្នកវិនិយោគកូរ៉េ។
បើតាមអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក Hong Vannak កម្ពុជាកំពុងវិវត្តទៅជាសេដ្ឋកិច្ចដែលមានកម្លាំងពលកម្មពឹងផ្អែកលើជំនាញ ជាពិសេសស្របពេលដែលមានកម្មករជំនាញជាច្រើនដែលទទួលបានបទពិសោធន៍ពីក្រៅប្រទេស ដូចជាប្រទេសកូរ៉េជាដើម។ ដូចនេះ ការវិនិយោគទុនពីក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េ ពិតជាមានអត្ថប្រយោជន៍ធំធេងសម្រាប់កម្ពុជា មិនត្រឹមតែជាឱកាសបង្កើតការងារថ្មីនោះទេ ថែមទាំងបង្កើនចំណូលពន្ធបន្ថែមផងដែរ។
ក្នុងនោះដែរ ការចរចាពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ក៏នឹងជម្រុញឱកាសវិនិយោគមកកាន់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំដល់ ១ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលកើនជាង ៣៦ភាគរយពីឆ្នាំ ២០១៨ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
