ប្រាសាទបាគង ជាគំរូនៃវិមានឯករាជ្យនៅកណ្ដាលរាជធានីភ្នំពេញ!!
ប្រាសាទបាគងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះសាងនៅក្នុងរាជ្យព្រះបាទ «ឥន្ទ្រវរ្ម័នទី១» ក្នុងឆ្នាំ៨៨១ ពោលគឺសង់ពីរឆ្នាំក្រោយប្រាសាទព្រះគោ ដើម្បីឧទ្ទិសដល់ទេពក្នុងព្រហ្មញ្ញសាសនា។ គេចាត់ប្រាសាទនេះចូលក្នុងរចនាបថព្រះគោ។
យោងតាមសិលាចារឹកនៅប្រាសាទនេះផ្ទាល់ ប្រាសាទបាគងមានឈ្មោះដើមថា «ស្រីឥន្ទ្រេស្វរ» ជាព្រះនាមព្រះឥសូរដោយយកតាមព្រះនាមព្រះរាជា «ឥន្ទ្រវរ្ម័ន» ក្នុងទម្រង់ជាព្រះលិង្គតម្កល់នៅប្រាសាទនេះ។ ឈ្មោះប្រាសាទ “បាគង” ដែលគេហៅសព្វថ្ងៃនេះអាចមកពីឈ្មោះភូមិ “វកោង” ដែលមានចារនៅក្នុងសិលាចារឹកមួយចំនួននា សតវត្សរ៍ទី៩ ទី១០ និងទី១១។ មានភូមិមួយនៅម្ដុំប្រាសាទនេះផ្ទាល់គេនៅតែហៅថា ភូមិបង្កោង រហូតមកដល់សព្វថ្ងៃ។
តើអ្នកដឹងពីអ្វីខ្លះពីលក្ខណៈពិសេសនៃប្រាសាទបាគង?
១. ដូចប្រាសាទភាគច្រើនរបស់ខ្មែរដែរ ប្រាសាទបាគងបានសាងនៅលើគ្រឹះប្រាសាទចាស់។ បង្កាន់ដៃនាគអមផ្លូវដើរចូលក្នុងប្រាសាទនិងចម្លាក់រឿងមានជាដំបូងគេនៅប្រាសាទនេះ។
២. ប្រាសាទនេះសាងអំពីថ្មភក់ ដោយមានប្រាសាទរណបជាច្រើនព័ទ្ធជុំវិញសាងអំពីឥដ្ឋ។
៣. ប្រាសាទនេះសាងឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាទេពព្រះរាជាគោរពផង និង សម្រាប់រាជ្យ ពោលគឺអំណាចរបស់ព្រះអង្គផង។
៤. អ្នកស្រាវជ្រាវច្រើនជាតិសាសន៍បានកំណត់ថា ប្រាសាទនេះជាប្រាសាទភ្នំទី១ ដែលសាងអំពីថ្មភក់មានខឿនប្រាំជាន់។
៥. ជាប្រាសាទធំជាងគេក្នុងចំណោមប្រាសាទនានានៅតំបន់រលួស។
៦. លោកបណ្ឌិត វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យករខ្មែរ បានយកគំរូប្រាង្គប្រាសាទនេះ ទៅសាងជាវិមានឯករាជ្យនៅកណ្ដាលរាជធានីភ្នំពេញ ដើម្បីជានិមិត្តរូបនៃការទទួលបាន ឯករាជ្យពីអាណានិគមបារាំងនៅឆ្នាំ១៩៥៣។
https://goo.gl/maps/wdeUYBwU37VKXeeU9
ខ្លឹមសារទាំងស្រុងពី៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage