សេអ៊ូល៖ រដ្ឋសភាជាតិកូរ៉េខាងត្បូងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ក្រោយពីអ្នកសារព័ត៌មានម្នាក់ ត្រូវបានរកឃើញថាវិជ្ជមានជម្ងឺកូវីដ-១៩ ដែលបានចូលយកព័ត៌មានក្នុងកិច្ចប្រជុំមួយនៅរដ្ឋសភានៅព្រឹកថ្ងៃពុធនោះដែរ។
ប្រភពពីរដ្ឋសភាជាតិកូរ៉េបានលើកឡើងថា អ្នកសារព័ត៌មានដែលរកឃើញវិជ្ជមាននេះ បានចូករួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ដែលធ្វើឡើងនៅរដ្ឋសភាព្រឹកថ្ងៃពុធម្សិលមិញ ដែលក្នុងនោះមានអ្នកចូលរួមជាង ៥០នាក់ រួមទាំងសមាជិកសភា ១៤ រូបពីគណបក្សកាន់អំណាចផងដែរ។ អ្នកសារព័ត៌មាននេះត្រូវបានគេធ្វើតេស្ត ក្រោយរកឃើញថាមានក្រុមគ្រួសាររបស់គាត់ដែលជួបគ្នាកាលពីចុងសប្តាហ៍ បានរកឃើញថាឆ្លងកូវីដ-១៩។

បើតាមការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យ សមាជិកសភាជាន់ខ្ពស់របស់ខ្លួនដែលមានវត្តមានក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានខាងលើ បានធ្វើការលុបចោលកម្មវិធីផ្សេងៗទាំងអស់ ហើយបានចាប់ផ្តើមអនុវត្តវិធានការចត្តាឡីស័កដោយខ្លួនឯងរួចរាល់ផងដែរ។
ដោយសារករណីឆ្លងថ្មីនេះ សភាជាតិបានសម្រេចផ្អាកដំណើរការកិច្ចប្រជុំនានា នៅថ្ងៃព្រហស្បត្តិ៍នេះ ក្រោយពីមានការប្រជុំបន្ទាន់វាយតម្លៃពីផលប៉ះពាល់នៃការឆ្លងក្នុងចំណោមអាគាររដ្ឋសភានេះ។

ក្នុងនោះដែរ ក្រៅពីករណីឆ្លងនៅរដ្ឋសភា អាគាររដ្ឋាភិបាលមួយចំនួនក៏បានរាយការណ៍ពីការផ្អាកដំណើរការ ក្រោយរកឃើញករណីតភ្ជាប់ទៅនឹងអ្នកដែលវិជ្ជមានកូវីដ-១៩ នៅកន្លែងធ្វើការរបស់ពួកគេ។ ករណីវិជ្ជមានកូវីដ-១៩ ថ្មីមួយក៏ត្រូវបានរាយការណ៍ចេញពីបណ្តុំអាគាររដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូលផងដែរ ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវផ្អាកដំណើរការការងារបណ្តោះអាសន្ននៅជាន់ទី៣ នៃអាគារធំរបស់អាគាររដ្ឋាភិបាលផងដែរ រួមនឹងអាគារមួយចំនួនរបស់ក្រសួងការបរទេស និងគណៈកម្មការសេវាហិរញ្ញវត្ថុផងដែរ។
