សេអ៊ូល៖ សាលាក្រុងសេអ៊ូលបានបញ្ជាក់នៅថ្ងៃពុធនេះថា នឹងអនុញ្ញាតផ្តល់ប្រាក់មូលនិធិសម្រាប់គ្រោះមហន្តរាយដោយសារឥទ្ធិពលនៃជម្ងឺកូវីដ-១៩ ដល់ពលរដ្ឋបរទេស ដែលរស់នៅទីក្រុងសេអ៊ូលផងដែរ។
មូលនិធិសម្រាប់គ្រោះមហន្តរាយដោយសារឥទ្ធិពលនៃជម្ងឺកូវីដ-១៩ របស់ទីក្រុងសេអ៊ូល ត្រូវបានប្រកាសចែកជូនដល់ពលរដ្ឋកូរ៉េរបស់ខ្លួនជាង ១.៦លានគ្រួសារ ដែលរកចំណូលបានតិចជាងចំណូលមធ្យមរបស់ទីក្រុងសេអ៊ូល ដើម្បីអាចឱ្យគ្រួសារដែលមានចំណូលតិចតួចទាំងនោះ ដោះស្រាយបញ្ហាក្នុងអំឡុងពេលដល់លំបាកនេះ។
ក្នុងនោះទឹកប្រាក់មូលនិធិ ដែលត្រូវបានប្រកាសចែកជូនមានទំហំ ៥៤២.៣ ប៊ីលានវ៉ុន (៤៥៧លានដុល្លារ)។ យ៉ាងណាមិញ នៅពេលដែលប្រកាសពីដំបូង ពលរដ្ឋបរទេសសឹងតែទាំងអស់មិនត្រូវបានរាប់បញ្ចូល ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភនេះទេ លើកលែងតែអ្នកមានគ្រួសារកូរ៉េ និងជនភៀសខ្លួនប៉ុណ្ណោះ។
ប៉ុន្តែដោយមើលឃើញថាពលរដ្ឋបរទេសមួយចំនួនក៏ជួបប្រទះការលំបាកដូចគ្នា ពេលនេះសាលាក្រុងសេអ៊ូល ប្រកាសថានឹងអនុញ្ញាតឧបត្ថម្ភប្រាក់មូលនិធិនេះ ដល់ពលរដ្ឋបរទេសផងដែរ។
លក្ខខណ្ឌមួយចំនួនដែលពលរដ្ឋបរទេសត្រូវមាន មានដូចជា៖
- មេគ្រួសារ ដែលជាពលរដ្ឋបរទេស ត្រូវមានទិដ្ឋាការ (វីសា) សម្រាប់បំពេញការងារ និងរកចំណូលស្របច្បាប់នៅកូរ៉េ
- បានចុះឈ្មោះនៅទីក្រុងសេអ៊ូល យូរជាង៩០ថ្ងៃ ចាប់តាំងពីបានទទួលកាតសម្គាល់ខ្លួនសម្រាប់ជនបរទេស (Alien Registration)
- មានចំណូលគ្រួសារមធ្យម តិចជាងចំណូលមធ្យមសម្រាប់អ្នករស់នៅទីក្រុងសេអ៊ូល
- សម្រាប់គ្រួសារមានសមាជិក ១នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ១.៧៦ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ២នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ២.៩៩ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ៣នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ៣.៨៧ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ៤នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ៤.៧៥ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ៥នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ៥.៦៣ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ៦នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ៦.៥១ លានវ៉ុន
- សម្រាប់គ្រួសារមានសមាជិក ៧នាក់ ត្រូវមានចំណូលមធ្យមប្រចាំខែ តិចជាង ៧.៣៩ លានវ៉ុន
ប្រាក់ឧបត្ថម្ភដែលនឹងទទួលបានគឺ ៣០ម៉ឺនវ៉ុន (សម្រាប់គ្រួសារដែលមានសមាជិក ២នាក់ចុះក្រោម), ៤០ម៉ឺនវ៉ុន (សម្រាប់គ្រួសារដែលមានសមាជិក ៣ ទៅ ៤នាក់) និង ៥០ម៉ឺនវ៉ុន (សម្រាប់គ្រួសារដែលមានសមាជិកពី៥នាក់ឡើងទៅ) ដែលប្រាក់នេះនឹងទទួលបានតាមរយៈ Prepaid Cards ដែលត្រូវមានសុពលភាពដល់ថ្ងៃ ១៥ ធ្នូ ២០២០។
ពលរដ្ឋបរទេសដែលចង់ស្នើសុំប្រាក់ឧបត្ថម្ភនេះ អាចធ្វើការចុះឈ្មោះស្នើសុំចាប់ពីថ្ងៃទី ៣១ សីហា ដល់ ២៥ កញ្ញា ២០២០ ខាងមុខ តាមរយៈគេហទំព័រ http://fds.seoul.go.kr ឬក៏នៅតាមទីតាំងកំណត់ផ្សេងៗដល់ទៅ ៤០ ទីតាំងនៅក្នុងទីក្រុងសេអ៊ូល រួមមានមជ្ឈមណ្ឌលគាំពារពលករ មជ្ឈមណ្ឌលគាំពារស្រ្តីជាដើម (Seoul Global Center and the Seoul Counseling Center for Migrant Women…)។ ក្នុងនោះដែរ ពលរដ្ឋបរទេសក៏អាចមកបំពេញពាក្យស្នើសុំនៅតាមការិយាល័យខណ្ឌនីមួយៗ (ward offices) ក្នុងទីក្រុងសេអ៊ូលផងដែរ។
សម្រាប់អ្នកដែលស្នើសុំតាមអនឡាញ និងនៅតាមទីតាំងផ្ទាល់ ត្រូវមកស្នើសុំទៅតាមថ្ងៃជាក់លាក់ ផ្ទៀងផ្ទាត់ជាមួយកន្ទុយលេខនៃឆ្នាំកំណើត។ ឧទាហរណ៍ អ្នកដែលមានកន្ទុយលេខឆ្នាំកំណើត ១ និង ៦ ត្រូវបំពេញពាក្យស្នើសុំនៅថ្ងៃចន្ទ, កន្ទុយលេខឆ្នាំកំណើត ២ និង ៧ ត្រូវបំពេញពាក្យស្នើសុំនៅថ្ងៃអង្គារ, កន្ទុយលេខឆ្នាំកំណើត ៣ និង ៨ ត្រូវបំពេញពាក្យស្នើសុំនៅថ្ងៃពុធ, កន្ទុយលេខឆ្នាំកំណើត ៤ និង ៩ ត្រូវបំពេញពាក្យស្នើសុំនៅថ្ងៃព្រហស្បត្តិ៍, កន្ទុយលេខឆ្នាំកំណើត ៥ និង ០ ត្រូវបំពេញពាក្យស្នើសុំនៅថ្ងៃសុក្រ។
សូមបញ្ជាក់ថា ចំនួនតួលេខនៃគ្រួសារពលរដ្ឋបរទេសដែលនៅទីក្រុងសេអ៊ូល មានប្រមាណ ៩៥០០០ គ្រួសារ។