សូមប្រយ័ត្នមែនទែន! ព្យុះទីហ្វុង «បាវី» ជាព្យុះខ្លាំងជាងគេក្នុងឆ្នាំនេះ បានបោកបក់ដល់កោះជេជូហើយ ហើយនឹងដល់សេអ៊ូលនៅថ្ងៃព្រហស្បត្តិ៍

កូរ៉េខាងត្បូង៖ តំបន់កោះជេជូ និងឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមរងឥទ្ធិពលដោយផ្ទាល់ពីខ្យល់ព្យុះទីហ្វុង បាវី ពីល្ងាចថ្ងៃអង្គារនេះហើយ បើតាមការលើកឡើងរបស់អ្នកឧតុនិយមរបស់កូរ៉េ។

រដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ចាប់ពីម៉ោង ៩ ល្ងាច (ម៉ោងនៅកូរ៉េ) ខ្យល់ព្យុះទីហ្វុង បាវី ដែលជាព្យុះទីហ្វុងលើកទី ៨ និងជាព្យុះដែលមានកម្លាំងខ្លាំងជាងគេបង្អស់ក្នុងឆ្នាំនេះ បានធ្វើដំណើរពីប្រជុំកោះតៃវ៉ាន់ មកខាងជើងចូលក្នុងដែនទឹកក្បែរកោះជេជូ ប្រមាណ ៣២០ គីឡូម៉ែត្រប៉ុណ្ណោះ។ ខ្យល់ព្យុះបាវីបក់មកជាមួយនឹងល្បឿនកម្លាំងខ្យល់ដល់ ២០ មែ៉ត្រក្នុងមួយវិនាទីឯណោះ។

ខ្យល់ព្យុះបានបក់ដល់ភាគខាងត្បូងប្រទេសកូរ៉េ

ព្យុះទីហ្វុងនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទព្យុះទីហ្វុងទំហំមធ្យម ដែលមានកម្លាំងខ្លាំង ហើយនឹងបង្កើនកម្លាំងរឹតតែខ្លាំងនៅពេលបក់ចូលមកដែនទឹកដែលមានសីតុណ្ហភាពខ្ពស់ ដូចជាដែនទឹកនៅក្បែរកោះជេជូជាដើម។ ព្យុះនេះបាននាំមកនូវល្ងាចថ្ងៃអង្គារនេះ រលកសមុទ្រខ្ពស់ៗដល់ ៤ មែ៉ត្រនៅឆ្នេរ Seogwipo លើកោះជេជូ និងល្បឿនខ្យល់រហូតដល់ ២៣.៨ម៉ែត្រ ក្នុងមួយវិនាទីនៅក្បែរកោះជេជូនេះដែរ។

រលកធំៗដល់កម្ពស់ ៤ មែ៉ត្រ បណ្តាលមកពីព្យុះទីហ្វុងបាវី

បើតាមការព្យាករណ៍ ព្យុះទីហ្វុងនេះនឹងបោកបក់ដល់ក្បែរទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ដែលនឹងនាំកម្លាំងខ្យល់ដ៏ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងជោគជាំនៅទូទាំងផ្ទៃប្រទេស។

ល្បឿនកម្លាំងខ្យល់ខ្លាំងបំផុតដែលគេរំពឹងទុក នឹងកើនដល់ពី ១៤៤ ទៅ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង ជាពិសេសនៅម្តុំខេត្តជាប់ឆ្នេរសមុទ្រភាគខាងត្បូង ខណៈនៅទីក្រុងសេអ៊ូល ល្បឿនកម្លាំងខ្យល់បក់អាចកើនដល់ ១២៦គីឡូមែ៉ត្រក្នុងមួយម៉ោង។ ជាទូទៅ ប្រសិនបើកម្លាំងខ្យល់កើន ១៤៤ ទៅ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង មនុស្សមិនអាចដើរហើរខាងក្រៅបាននោះទេ ហើយសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនឹងត្រូវបានខូចខាតជាអន្លើដោយកម្លាំងខ្យល់នោះទៀតផង។

តាមការរាយការណ៍មក នៅព្រឹកថ្ងៃអង្គារនេះ មានភ្ញៀវទេសចរ ៥ នាក់ត្រូវបានកួចដោយរលកធំៗក្នុងដែនសមុទ្រនៅកោះជេជូ ដែលក្នុងនោះពួកគេត្រូវបានជួយសង្គ្រោះមកវិញ តែមានជនរងគ្រោះម្នាក់ បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្នុងនោះដែរ ឥឡូវនេះ ជើងហោះហើរនៅកោះជេជូ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ ហើយនឹងអាចបន្តដល់ពេញមួយថ្ងៃពុធទៀតផង។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងរស់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នា។

ទូកនេសាទ ត្រូវចូលសំចតនៅកំពង់ផែ

 

Leave a Reply

Your email address will not be published. Required fields are marked *