ករណីឆ្លងកូរ៉ូណានៅកូរ៉េផ្ទុះកាន់តែខ្លាំង! រដ្ឋាភិបាលប្រកាសបិទសាលានៅតំបន់សេអ៊ូល អ៊ីនឆន់ ក្យុងគីដូ ដល់ថ្ងៃទី ១១ កញ្ញា

សេអ៊ូល៖ សិស្សសាលានៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ជុំវិញ នឹងត្រូវត្រឡប់មកការសិក្សាតាមប្រព័ន្ធអនឡាញជាថ្មី ក្រោយពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភជាបន្ត។

ក្រសួងអប់រំកូរ៉េបានប្រកាសនៅថ្ងៃអង្គារនេះថា សិស្សសាលារួមទាំងសិស្សមតេ្តយ្យផង នៅក្នុងតំបន់សេអ៊ូល អ៊ីនឆន់ ក្យុងគីដូ នឹងត្រូវធ្វើការសិក្សាតាមប្រព័ន្ធអនឡាញពីផ្ទះមកវិញ ជំនួសឱ្យការរៀនក្នុងថ្នាក់ រហូតដល់ថ្ងៃទី ១១ កញ្ញា ជាវិធានការថ្មីដើម្បីទប់ស្កាត់ជម្ងឺឆ្លងនេះ។ វិធានការថ្មីនេះ អនុវត្តសម្រាប់សិស្សទូទៅ លើកលែងតែសិស្សវិទ្យាល័យដែលត្រូវប្រលងចូលតាមសាកលវិទ្យាល័យនៅចុងខែធ្នូខាងមុខប៉ុណ្ណោះ។ ក្នុងនោះដែរ សាលាដែលមានទំហំតូច ដែលមានសិស្សតិចជាង ៦០ នាក់ និងសាលាអប់រំពិសេសមានសិទ្ធសម្រេចថាអាចអនុវត្តតាមវិធានការនេះក៏បាន ឬអត់ក៏បាន។

សិស្សត្រៀមប្រលងចូលសាកលវិទ្យាល័យ សាកល្បង

មុនវិធានការនេះត្រូវបានដាក់ចេញ មានសាលារៀនដល់ ១៨៤៥ ទូទាំងប្រទេស បានបិទទ្វារដោយឱ្យសិស្សត្រឡប់ទៅរៀននៅផ្ទះវិញ កាលពីថ្ងៃចន្ទម្សិលមិញ ដែលក្នុងនោះមាន៤០ភាគរយ នៅក្នុងតំបន់សេអ៊ូល អ៊ីនឆន់ ក្យុងគីដូ។

ការផ្លាស់ប្តូរនេះ ជាការឆ្លើយតបទៅនឹងការងើបឡើងវិញនៃការផ្ទុះជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ដែលគេលើកឡើងថាអាចជាដំណាក់កាលចាប់ផ្តើមនៃការផ្ទុះលើកទីពីរ។ ជាក់ស្តែង ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ មានសិស្សដល់ទៅ ១៥០ នាក់ និងគ្រូ ៤៣ នាក់ និងបុគ្គលិកអប់រំជាច្រើនទៀតត្រូវបានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩។

គ្រូបង្រៀន បង្ហាត់មេរៀនតាមប្រព័ន្ធអនឡាញ

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានប្រកាសដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ២ ហើយ ហើយប្រសិនបើបញ្ហាប្រឈមនៅតែកើនឡើងបន្តខ្លាំងទៀតនោះ រដ្ឋាភិបាលអាចនឹងពិចារណាដាក់ប្រទេសខ្លួនក្នុងវិធានការគម្លាតសង្គមកម្រិតទី ៣ ដែលជាកម្រិតចុងក្រោយ និងតឹងរ៉ឹងបំផុត។ ក្នុងកម្រិតទី៣ គ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នឹងត្រូវបិទទ្វារ រួមនឹងវិធានការដទៃទៀតយ៉ាងតឹងរ៉ឹងផងដែរ។

សាលាបឋមសិក្សាមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល ត្រូវបានបិទទ្វារ

Leave a Reply

Your email address will not be published. Required fields are marked *