សេអ៊ូល៖ ខ្យល់ព្យុះថ្មីឈ្មោះថា «បាវី» នឹងមកដល់ដែនទឹកប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយនេះទៀតហើយ បើតាមការព្យាករណ៍របស់រដ្ឋបាលឧតុនិយមរបស់កូរ៉េ។
ខ្យល់ព្យុះ «បាវី» នេះ ជាប្រភេទខ្យល់ព្យុះទីហ្វុងត្រូពិក កើតចេញភាគខាងកើតឆ្នេរនៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះ ហើយកំពុងបន្តដំណើរឆ្ពោះមកខាងជើងដល់ឧបទ្វីបកូរ៉េ ក្នុងល្បឿន ២៨គីឡូម៉ែតក្នុងមួយម៉ោង។
ព្យុះទីហ្វុងនេះត្រូវបានព្យាករណ៍ថានឹងកើនកម្លាំងនៅពេលមកដល់ក្បែរកោះជេជូ ហើយនឹងនាំឥទ្ធិពលដោយផ្ទាល់មកលើទូទាំងប្រទេសកូរ៉េ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយនេះទៅ។ ខ្យល់ព្យុះទីហ្វុងនេះនឹងនាំភ្លៀងធ្លាក់ ខ្យល់បក់បោកខ្លាំងៗ រួមនឹងការរអិលបាក់ដីផង នៅពេលមកដល់ដែនទឹកនៃកោះជេជូ។
អជ្ញាធរនឹងដាក់ចេញនូវវិធានការប្រកាសអាសន្នផ្សេងៗ ជាបន្តបន្ទាប់នៅមុនពេលព្យុះនេះមកដល់ដែនទឹកប្រទេសកូរ៉េនាពេលខាងមុខ។