សេអ៊ូល៖ កូរ៉េខាងត្បូងកំពុងប្រឈមកាន់តែខ្លាំងនឹងការកើនឡើងគំហុកនៃចំនួនករណីឆ្លងកូវីដ-១៩ថ្មី ដែលកើនលើសពី ៣០០ នាក់ជាលើកដំបូងតាំងពីខែមីនាកន្លងមក។
នៅព្រឹកថ្ងៃសុក្រនេះ ករណីឆ្លងថ្មីកើនដល់ ៣៦៧ ករណី ជាករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេតាំងពីចុងខែមីនាមក។ គេសង្កេតឃើញថាកូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានថ្មីប្រចាំថ្ងៃ លើសពី ១០០ នាក់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្នុងមួយសប្តាហ៍ចុងក្រោយមានករណីថ្មី ១៩០០ ករណីក្នុងរយៈពេល ៨ ថ្ងៃចុងក្រោយ។
ករណីដែលកើនឡើងថ្មីចុងក្រោយនេះ ភាគច្រើនចេញពីប្រភពព្រះវិហារសាសនានៅជុំវិញទីក្រុងសេអ៊ូល។ អជ្ញាធរសុខាភិបាលក៏បានព្រមានថាតំបន់ទីប្រជុំជនធំៗត្រូវត្រៀមខ្លួនរួចរាល់សម្រាប់ការផ្ទុះរលកថ្មីនៃជម្ងឺកូវីដ-១៩ ដែលអាចនឹងឆ្លងទូទាំងប្រទេសផងដែរ។
កាលពីថ្ងៃអាទិត្យកន្លងទៅ អជ្ញាធរសុខាភិបាលបានបង្កើនវិធានការគម្លាតសង្គមដែលមាន៣កម្រិត ទៅកាន់កម្រិតទី ២ ហើយ នៃជុំវិញទីក្រុងសេអ៊ូល និងខេត្តគ្យ៉ុងគី សម្រាប់រយៈពេល២អាទិត្យ។ នៅថ្ងៃពុធសប្តាហ៍ក្រោយទៅ វិធានការនេះនឹងត្រូវបន្ថែមអនុវត្តនៅអ៊ីនឆន់ផងដែរ។
ក្នុងវិធានការគម្លាតសង្គមកម្រិតទី២ ការជួបជុំគ្នាលើសពី ៥០ ឬច្រើនជាងនេះនៅទីកន្លែងបិទជិត និងការជួបជុំគ្នាលើសពី ១០០ ឬច្រើនជាងនេះនៅកន្លែងខាងក្រៅ ត្រូវបានហាមឃាត់ជាគោលការណ៍។ ក្នុងនោះដែរ បន្ទប់ខារ៉ាអូខេ ក្លឹបរាត្រី ហាងហ្គេមកាហ្វេ និងប៊ូហ្វេជាដើម ត្រូវបានបញ្ជាឱ្យបិទទ្វាជាបណ្តោះអាសន្ន។
បច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកករណីវិជ្ជមានកូវីដ-១៩ដល់ ១.៧លានករណីហើយ ដែលក្នុងនោះមាន ១៤១២០ ករណីបានជាសះស្បើយផងដែរ។