ឈប់សង ១ អាទិត្យពេញ អាចមកសាកកន្លែងទាំងនេះ នៅភ្នំពេញ សៀមរាប និងបាត់ដំបង សុទ្ធតែថ្មីៗ និងប្លែកៗមែនទែន

នៅកម្ពុជា ក្រោយពីខកខានការឈប់សម្រាកពេលចូលឆ្នំាកន្លងមក រដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកសងវិញចាប់ពីថ្ងៃចន្ទស្អែកទៅ ដែលមានរយៈពេលយូរដល់មួយសប្តាហ៍ពេញ។ ឈប់សម្រាកយូរចឹង តើគួរបបួលក្រុមគ្រួសារ និងមិត្តភក្តិទៅលេងនៅកន្លែងណាខ្លះទៅហ្ន?

ខាងក្រោមនេះ ជាកន្លែងថ្មីមួយចំនួននៅភ្នំពេញ សៀមរាប និងបាត់ដំបង ដែលលោកអ្នកអាចទៅកំសាន្តបានក្នុងអំឡុងពេលឈប់សម្រាកនេះ៖

ទីក្រុងភ្នំ​ពេញ ៖

១. Garden City Water Park (សួនទឹកលីយ៉ុងផាត) ៖ ជា​សួន​ទឹក​ដ៏​ធំ​ជាង​គេ​ដំបូង​បង្អស់​នៅ​កម្ពុជា​ នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ ២០២០ រួម​ជាមួយ​នឹង​ឧបករណ៍​លេង​កម្សាន្ត​​ជាច្រើន​ប្រភេទ​ អាច​ធានា​បាន​នូវ​សុវត្ថិភាព​ និង​ផាសុកភាព សម្រាប់​មនុស្ស​គ្រប់​វ័យ​។

ទីតាំង ៖ ស្ថិត​នៅ​តាម​បណ្តោយ​ម​ហា​វិថី​វិមាន​ឈ្នះ​ឈ្នះ ​ភូមិ​ព្រែក​តា​រ័ត្ន​ ឃុំ​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធា​នី​ភ្នំ​ពេញ​។

Garden City Water Park (សួនទឹកលីយ៉ុងផាត)

២. Dinosaurs Alive ៖ ជា​សួន​កម្សាន្ត​ដាយណូស័រធំ​ជាង​គេបង្អស់នៅ​​កម្ពុជា​ ដែល​ឪពុកម្តាយ​អាចនាំ​កូនតូចៗ​ទៅ​លេង ដើម្បី​ស្វែង​យល់​អំពី​ប្រភេទ​ ដាយណូ​ស័រ​នីមួយៗ ដើម​ឈើ​ធំៗ​ ដែលផ្តល់​ម្លប់ និង​ខ្យល់​អាកាស​ត្រជាក់។

ទីតាំង ៖ ទី​ក្រុង​រណប​ជ្រោយ​ចង្វារ​ ។

សួនដាយណូស័រ Dinosaurs Alive

៣. Phnom Penh Fantasy World ៖ គឺ​ជា​សួន​កម្សាន្ត​មាន​ទំ​ហំ​ប្រមាណ​ ១​ហិច​តា​ដែល​មាន​ឧបករណ៍​លេង​កម្សាន្ត​ដូចជា​ កន្ត្រក​វិល, ប៉ម​ហោះ​ហើរ, កប៉ាល់​ចោរ​សមុទ្រ, ថាសUFO, ទូក​រអិល​ធ្លាក់​ទឹក, រ៉ូល​ល័រ​ខូស្ទ័រ និង​ឧបករណ៍​លេង​ជា​ច្រើន​ទៀត​។

ទីតាំង ៖ ទីក្រុង​រណប​ជ្រោយ​ចង្វារ ។​

សួនកម្សាន្ត Phnom Penh Fantasy World

ខេត្ត​សៀមរាប ៖

១. ទៅ​ជិះ​កង់​លេង​ក្នុង​ព្រឹត្តិការណ៍ «សម្រាក​សៀមរាប» (រៀប​ចំ​ដោយ ​សាលា​ខេត្ត​សៀមរាប) ៖ នា​ថ្ងៃទី ១៦-២១ ​ខាង​មុខ​នេះ សាលា ខេត្ត​សៀមរាប នឹង​រៀប​ចំ​កម្មវិធី ជិះ​កង់​សប្បុរស​ធម៌ ក្នុង​គោល​បំណង​រៃអង្គាស​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា និង មន្ទីរពេទ្យ​កុមារ​ខេត្ត​សៀមរាប។ នេះ​ជា​ឱកាស​ដែល​អ្នក​អាច​ទៅ​ដើរ​លេង​កម្សាន្ត​ផង និង​អាច​ចូល​រួម​ជួយ​ដល់​សង្គម​ផង ម្យ៉ាង​ការ​ជិះ​កង់​ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ទៀត។ ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​កម្មវិធី​សប្បាយ​ៗជាច្រើន​ទៀត​ផង​ដែរ។

២. Microlight Cambodia ៖ គឺ​ជា​ការ​ជិះ​យន្ត​ហោះ​បែប​កែ​ច្នៃ​ ដើម្បី​មើល​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នៃ​ខេត្ត​សៀមរាប​ពី​លើ​អាកាស​ ​។

ទីតាំង ៖ ផ្លូវ​ជាតិ​លេខ​ ៦​ អា​កាស​យាន​ដ្ឋាន​ជ័យ​វរ្ម័ន​ ខេត្ត​សៀម​រាប។

Microlight Cambodia

៣. Happy Ranch Horse Farm ៖ គឺ​ជា​ការ​ជិះ​សេះ​លេង​កម្សាន្ត​ នៅ​ភូមិ​ដាច់​ស្រយាល​ តាម​វាលស្រែ​ តំបន់​ប្រាសាទ​ដែល​មនុស្ស​គ្រប់​គ្នា​កម្រ​ទៅ​ដល់​។

ទីតាំង ៖ ក្រុម​ទី​ ៤, ស្វាយ​ដង្គុំ, ក្រុង​សៀមរាប​អង្គរ ។

Happy Ranch Horse Farm

៤. ការ​ជិះ​ទូក​កម្សាន្ត​នៅ​ភូមិ​បណ្តែត​ទឹក ៖​ លើ​ដង​ទន្លេ​សាប​ នឹង​ផ្តល់​នូវ​អារម្មណ៍​ប្លែក​ និង​ស្រស់​ថ្លា​ ដោយ​ប្តូរ​ពី​ការ​ជិះ​ឡាន​ ម៉ូតូ​ ហិត​ផ្សែង​ពុល​ មក​ជា​ការ​​ជិះ​ទូក​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ហើយ​អា​ច​​មើល​ជី​វ​ភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ទៀត​។ ពេល​វេលា​ដែល​សក្តិ​សម​បំផុត​ក្នុង​ការ​ជិះ​ទូក​នេះ​ គឺ​នៅ​ពេល​ល្ងាច​ ព្រោះ​ថា​យើង​អាច​មើល​ឃើញ​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​។​

ទីតាំង ៖ ភូមិ​អណ្តែត​ទឹក​, បឹង​ទន្លេ​សាប​ ។

៥. ជិះកន្ត្រកវិល ៨៥ ម៉ែត្រ (Angkor Eye)៖ Angkor Eye ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យអស្ដង្គតយ៉ាងស្រស់ស្អាតផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់របស់ប្រទេសជប៉ុន

ទីតាំង៖ នៅខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌កម្ពុជា។

កន្ត្រកហោះ Angkor Eye
កន្ត្រកហោះ Angkor Eye

ខេត្ត​បាត់ដំបង ៖

១. Green Orange Kayaks ៖ វា​ពិត​ជា​ប្លែក​ដែល​យើង​​អាច​សាក​ល្បង​ជិះ​កាយាក់​នៅតាមដង​ស្ទឹង​សង្កែ​ ទៅ​កាន់​តំបន់​ជាយៗ ​នៃ​ខេត្ត​បាត់ដំបង​ដើម្បី​មើល​ជីវភាពរស់នៅ​របស់​បង​ប្អូន​កសិករ និង​អ្នក​រស់​នៅ​តាម​ដង​ស្ទឹង​នោះ​។

ទីតាំង ៖ ដង​ស្ទឹង​សង្កែ​ ខេត្ត​បាត់ដំបង​។

ជិះទូកកាយ៉ាក់ តាមដងស្ទឹងសង្កែ

២. បឹង​កំពីង​ពួយ ៖ ជា​កន្លែង​ប្រវត្តិ​សាស្រ្ត ​ដែល​បាន​បន្សល់​ពី​ជំនាន់​ប៉ុល ពត ​។ សព្វ​ថ្ងៃ​កន្លែង​នោះ​បាន​កែ​ប្រែ​ជា​បឹង​ដ៏​មាន​ទេសភាព​ស្រស់​ត្រកាល​ពោរពេញ​ដោយ​ផ្កាឈូក​ដុះ​ស្កេះស្កះ​ សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​មក​ទស្សនា​លំហែអារម្មណ៍។

ទីតាំង ៖ ភូមិ​តា​ង៉ែត, ឃុំ​តា​ក្រៀល​ស្រុក, ចំងាយ​ប្រហែល​ ៣៥​ គីឡូ​ម៉ែត្រ​ខាង​លិច​ទី​រួម​ខេត្ត​បាត់​ដំបង​ ។

បឹងកំពីងពួយ

៣. ព្រែក​ទាល់ ៖ ស្ថិត​នៅ​បណ្តោយ​បឹង​ទន្លេ​សាប ​ដែល​អ្នក​​អាច​ជិះ​កាត់​ព្រែក​នេះ​ទៅ​ដល់​ខេត្ត​សៀមរាប​បាន​។​ ព្រែក​ទាល់​ជា​តំបន់​ដែល​សម្បូរ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ និង​មាន​ទេសភាព​ស្រស់​ស្អាត​ប្លែកភ្នែក ។

ទីតាំង ៖ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ជាប់​ព្រំប្រទល់​ទឹក​រវាង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​សៀមរាប​។

ព្រែកទាល់

ខ្លឹមសារដកស្រង់ពី៖ Sabay News

Leave a Reply

Your email address will not be published. Required fields are marked *