សេអ៊ូល៖ ចំនួនឆ្លងករណីកូវីដ-១៩ នៅកូរ៉េខាងត្បូង កើនដល់ ២៧៩ ករណីថ្មី នៅព្រឹកថ្ងៃអាទិត្យនេះ ជាចំនួនខ្ពស់បំផុតក្នុង១ថ្ងៃ ចាប់តាំងពីដើមខែមីនាមក។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺឆ្លងរបស់កូរ៉េ ចំនួនករណីឆ្លងថ្មីរហូតដល់ ២៦៧ករណី បានកើនឡើងភាគច្រើនចេញពីព្រះវិហារសាសនានៅក្នុងតំបន់ជុំវិញទីក្រុងសេអ៊ូល។ តួលេខនេះជាតួលេខខ្ពស់បំផុតរាប់តាំងពីដើមខែមីនាមក ដែលកាលពីថ្ងៃទី ៨ មីនា ២០២០ កន្លងទៅ តួលេខឆ្លងថ្មីមានដល់ ៣៦៧ ករណី ខណៈដែលតួលេខច្រើនបំផុតរកឃើញក្នុងមួយថ្ងៃ គឺដល់ ៩០៩ ករណីកាលពីចុងខែកុម្ភៈកន្លងទៅ។
គិតមកដល់ថ្ងៃអាទិត្យ តួលេខអ្នកឆ្លងថ្មីកើនឡើងលើសពី ១០០ នាក់ឡើង ៣ថ្ងៃជាប់គ្នាហើយ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភបំផុត នៃការផ្ទុះរីករាលដាលជាសហគមន៍សាជាថ្មី។ ក្នុងចំណោមប៉ុន្មានថ្ងៃចុងក្រោយ ករណីឆ្លងថ្មី មួយភាគធំ គឺផ្តើមចេញពីព្រះវិហារសាសនាមួយចំនួននៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ។ ចំនួនឆ្លងចេញពីវិហារមួយនៅខាងជើងទីក្រុងសេអ៊ូល កើនដល់ ២៤៩ ករណី ខណៈដែលវិហារមួយទៀតនៅខាងត្បូងទីក្រុងសេអ៊ូល កើនដល់ ១២៦ ករណីផងដែរ។ ក្រៅពីវិហារសាសនា នៅតាមភោជនីយដ្ឋាន ក្រុមហ៊ុន ការិយាល័យ សាលា ផ្សារ និងហាងកាហ្វេមួយចំនួនទៀតផងដែរ ដែលគេរកឃើញមានករណីឆ្លងតៗគ្នា គួរឱ្យបារម្ភកន្លងមកថ្មីៗនេះ។
ឆ្លើយតបទៅនឹងការបន្តកើនឡើងករណីថ្មីគួរឱ្យព្រួយបារម្ភនេះ ប្រធានាធិបតីកូរ៉េ លោក មូន ជេអ៊ីន បានព្រមានប្រើប្រាស់វិធានការក្តៅឆ្លើយតបទៅនឹងសកម្មភាពសាសនាដែលប្រមូលផ្តុំ ផ្ទុយទៅនឹងវិធានការគម្លាតសង្គមដាក់ចេញដោយអជ្ញាធរ។
សូមបញ្ជាក់ថា បច្ចុប្បន្នតួលេខករណីឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ នៅកូរ៉េកើនដល់ ១៥៣១៨ ករណីហើយ ដែលក្នុងនោះមានអ្នកបាត់បង់ជីវិតដល់ ៣០៥ នាក់ ខណៈអ្នកដែលបានជាសះស្បើយទាំងស្រុងមាន ១៣៩១០ នាក់ផងដែរ។