សេអ៊ូល៖ ក្រុមការងារទីប្រឹក្សាពលករ នៃស្ថានទូតកម្ពុជានៅកូរ៉េ បានចូលរួមកម្មវិធីបូជាសពប្អូន ស៊ុំ អួញ ដែលបានទទួលមរណភាពកាលកន្លងទៅនេះ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ស្ថានទូតក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិ្តនៃសព។ ស្ថានទូតក៏បានថ្លែងអំណរគុណដល់ព្រះតេជគុណ រិន សារ៉ូ ដែលបានចូលរួមបង្សកូលដល់សព និងកម្មវិធីបូជាសពទាំងមូល។
សូមបញ្ជាក់ថា ហេតុការណ៍ឃាតកម្មកាប់សម្លាប់គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជនរងគ្រោះមានឈ្មោះ ស៊ុ អួញ អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់លោកទូត ឡុង ឌីម៉ង់ ធាតុរបស់ជនរងគ្រោះ នឹងត្រូវភរិយានាំត្រឡប់មកកាន់ប្រទេសកម្ពុជានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក៏បានឱ្យដឹងផងដែរថា ដោយសារតែករណីគ្រោះថ្នាក់នេះមិនមែនជាករណីគ្រោះថ្នាក់ការងារដូច្នេះជនរងគ្រោះមិនទទួលបានសំណងអ្វីពីថៅកែនោះទេ។ ប៉ុន្តែដោយសារមនោសញ្ចេតនាក្តីអាណិតស្រឡាញ់របស់ថៅកែនោះ ថៅកែបានចេញថវិកាសម្រាប់ធ្វើបុណ្យ និងចេញថវិកាថ្លៃធ្វើដំណើររបស់ភារិយាក្នុងការយកធាតុត្រឡប់មកស្រុកកំណើតវិញផងដែរ។
សូមវិញ្ញាណក្ខ័ន្ធប្អូនបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាត។