គីម ជុងអ៊ុន៖ ទោះជាកូរ៉េខាងជើងលិចលង់ខ្លាំង ក៏មិនត្រូវទទួលជំនួយសប្បុរសធម៌ពីខាងក្រៅដែរ ដោយសារហេតុផលសំខាន់មួយ

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថាប្រទេសខ្លួនមិនគួរទទួលយកជំនួយពីបរទេសសម្រាប់គ្រោះទឹកជំនន់ឡើយ ដោយសារក្តីបារម្ភពីជម្ងឺកូវីដ-១៩។

លោក គីម ជុងអ៊ុន បានលើកឡើងដូច្នេះ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សពលករកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ​ ដើម្បីពិភាក្សាលើវិធានការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ រួមនឹងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីប្រឆាំងជម្ងឺឆ្លងនេះ បើតាមការលើកឡើងរបស់សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA។

បញ្ហាប្រឈមធំៗ ២​ ដែលកូរ៉េខាងជើងត្រូវឆ្លើយតបមាន៖ ការឆ្លើយតបទៅនឹងបញ្ហាជម្ងឺឆ្លងដែលជាបញ្ហាសាកល និងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបានវាយលុកកូរ៉េខាងជើងកាលពីប៉ុន្មានសប្តាហ៍មុននេះ។ យ៉ាងណាក៏ដោយ កូរ៉េខាងជើងនឹងមិនទទួលយកជំនួយពីខាងក្រៅឡើងសម្រាប់បញ្ហាទឹកជំនន់ ហើយត្រូវបន្តរឹតបន្តឹងព្រំដែន និងពង្រឹងលើវិធានការទប់ស្កាត់កូវីដ-១៩ បន្ថែមទៀត នេះជាការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងនេះ។

ជាយន្តការដោះស្រាយ មេដឹកនាំកូរ៉េខាងជើងបានបន្តណែនាំមន្ត្រីខ្លួនថា ការដោះស្រាយបញ្ហាទឹកជំនន់ ត្រូវជាបញ្ហាអាទិភាពនយោបាយ ដើម្បីអាចឱ្យប្រជាជនកូរ៉េខាងជើងទាំងមូលអាចចូលរួមអបអរសាទរខួបទី ៧៥ នៃកំណើតបក្សពលករកូរ៉េខាងជើង ក្នុងខែតុលា នាពេលខាងមុខ។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅកូរ៉េខាងជើង គឺតំបន់អ៊ុនផា (Unpha) និង ចានហ្វុង (Janphung) នៅខេត្តហ្វាងហេខាងជើង និងតំបន់ដទៃទៀតនៅខេត្តហ្គាងវ៉ុន។ ផ្ទៃដីជាង ៤ម៉ឺនហិចតា ទូទាំងប្រទេសត្រូវបានប៉ះពាល់ពីទឹកជំនន់ ដែលក្នុងនោះមានផ្ទះសម្បែង និងអាគាររាប់ម៉ឹនត្រូវបានលិចលង់ និងបំផ្លាញដោយទឹកជំនន់ បើតាមការរាយការណ៍រប​ស់សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA។

សូមបញ្ជាក់ថា កន្លងមកកូរ៉េខាងជើងងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដោយសារតែប្រព័ន្ធធារាសាស្រ្តខ្វះខាត និងការកាប់បំផា្លញព្រៃឈើផងដែរ។​

 

Leave a Reply

Your email address will not be published. Required fields are marked *