កូរ៉េខាងត្បូងនឹងបង្កើនទឹកប្រាក់មូលនិធិសម្រាប់គ្រោះមហន្តរាយ ទ្វេដង, អ្នកស្លាប់ដោយទឹកជំនន់បាន ២០លានវ៉ុន រីឯអ្នកលិចលង់បាន​ដល់ ២លានវ៉ុន

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េនឹង​បង្កើនទំហំជំនួយសម្រាប់មូលនិធិសង្គ្រោះផលប៉ះពាល់ពីគ្រោះមហន្តរាយរបស់រដ្ឋ ទ្វេដង ឆ្លើយតបទៅនឹងគ្រោះជំនន់ទឹកភ្លៀងដ៏ធំដែលប៉ះពាល់ប្រទេសកូរ៉េនៅឆ្នាំនេះ។

សេចក្តីសម្រេចថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសម័យប្រជុំសភារវាងតំណាងរដ្ឋាភិបាល គណបក្សកាន់អំណាច និងវិមានប្រធានាធិបតីនៅសភាជាតិ កាលពីថ្ងៃពុធម្សិលមិញនេះ។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ថវិកាមូលនិធិសង្គ្រោះរបស់រដ្ឋនឹងកើនដល់ ២០លានវ៉ុន (១៦៨៨០ ដុល្លារ) លើសទឹកប្រាក់បច្ចុប្បន្នដែលមានត្រឹម ១០លានវ៉ុនប៉ុណ្ណោះ រីឯជនរងគ្រោះដោយទឹកជំនន់ នឹងទទួលបានដល់ ២លានវ៉ុន កើនពីទឹកប្រាក់បច្ចុប្បន្នដែលបានត្រឹម ១លានវ៉ុនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ច្បាប់នៃមូលនិធិសង្គ្រោះផលប៉ះពាល់ពីគ្រោះមហន្តរាយបច្ចុប្បន្ននេះ ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ ១៩៩៥ មកម្លេះ។

អ្នកនាំពាក្យដដែលនេះបានលើកឡើងថា រដ្ឋត្រូវការកញ្ចប់ថវិការហូតដល់ ៥០០ប៊ីលានវ៉ុន ដើម្បីចំណាយលើការប៉ះពាល់ និងខូចខាតបណ្តាលមកពីទឹកជំនន់ឆ្នាំនេះ ដែលរដ្ឋាភិបាលកូរ៉េមានថវិកាគ្រប់គ្រាន់រហូតដល់ ៣ទ្រីលានវ៉ុន​ និង២.៤ទ្រីលានវ៉ុនទៀត ជាថវិកាបម្រុងផងដែរ។

បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េបានកំណត់តំបន់ចំនួន ៧ ជាតំបន់ពិសេសប៉ះពាល់ធ្ងន់ធ្ងរដោយទឹកភ្លៀង ដែលរដ្ឋាភិបាលអាចចំណាយថវិការដ្ឋសម្រាប់ជួយទ្រទ្រង់ការចំណាយដល់ ៨០ ភាគរយលើថ្លៃខូចខាតនានានៅក្នុងតំបន់ទាំងនេះ។ នុងនោះដែរ ប្រជាជនដែលរស់នៅក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរនេះ ក៏នឹងទទួលបានការគាំទ្ររបស់រដ្ឋ ដូចជាវិស័យសុខាភិបាល និងសេវាសាធារណៈមួយចំនួនធំទៀត រួមនឹងការគាំទ្រផ្គត់ផ្គត់លើចំណាយទូទៅ និងការកាត់បន្ថយលើចំណាយសេវាកម្មផ្សេងៗដូចជាអគ្គិសនីជាដើមផងដែរ។ លើសពីនោះទៀត​ ពលរដ្ឋនៅក្នុងតំបន់ទាំងនេះ ក៏នឹងត្រូវបានលើកលែងបណ្តោះអាសន្នលើកាតព្វកិច្ចយោធាផងដែរ។

ក្នុងនោះដែរ រដ្ឋាភិបាលក៏បានពិនិត្យមើលលទ្ធភាពក្នុងការបញ្ចូលខេត្ត ៣ ទៀតទៅក្នុងតំបន់ពិសេសប៉ះពាល់ធ្ងន់ធ្ងរដោយទឹកភ្លៀងនេះផងដែរ មានខេត្តក្វាងជូ ខេត្តចូឡាខាងជើង និងខេត្តគ្យ៉ុងសាងខាងត្បូង។

សូមបញ្ជាក់ថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ បាននាំឱ្យលិចលង់ទីតាំងជាច្រើននៅសឹងទូទាំងប្រទេសកូរ៉េ ដែលក្នុងនោះបានសម្លាប់មនុស្ស ឬបាត់ខ្លួនអស់ ៤២ នាក់។​ ក្នុងនោះ ប្រជាជនជាង ៧២០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែងផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *