អ្នកចូលរួមមង្គលការ ឬកម្មវិធីជួបជុំនានានៅកូរ៉េ នឹងត្រូវធ្វើការស្គេនវត្តមានតាម QR Code ពីសប្តាហ៍ក្រោយ ក្នុងកាលៈទេសៈកូវីដ-១៩

សេអ៊ូល៖ ប្រព័ន្ធចុះឈ្មោះតាម QR Code នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមរោងពិធីមង្គលការនៅប្រទេសកូរ៉េ ចាប់ពីសប្តាហ៍ក្រោយ ជាវិធានការចុងក្រោយរបស់អជ្ញាធរកូរ៉េក្នុងការទប់ស្កាត់ និងតាមដានការឆ្លងនៃជម្ងឺកូវីដ-១៩។

អ្នកដែលរៀបចំក​ម្មវិធីជួបជុំ ជប់លៀងអាពាហ៍ពិពាហ៍ជាដើម ត្រូវរៀបចំឱ្យមានការតម្លើងប្រព័ន្ធចុះឈ្មោះ QR Code និងទាមទារឱ្យអ្នកចូលរួមធ្វើការចុះឈ្មោះតាម QR Code នោះ ឬក៏ផ្តល់ជាព័ត៌មានទំនាក់ទំនងដទៃទៀត ដើម្បីអាចឱ្យអជ្ញាធរស្វែងរកគាត់ឃើញ នៅពេលមានតម្រូវការណាមួយ ជាពិសេសគឺចំពោះការឆ្លងតៗគ្នាជាចង្កោមតែម្តង នេះបើតាមការលើកឡើងរបស់ស្ថាប័នប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់កូរ៉េ។

វិធានការដូចគ្នានេះ ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅតាមភោជនីយដ្ឋាន បារ ក្លឹបរាត្រី និងកន្លែងប្រមូលផ្តុំកកកុញមួយចំនួនទៀតផងដែរ ដើម្បីអាចតាមដានប្រវត្តិអ្នកដែលបានមកទីកន្លែងនោះ ក្នុងករណីមាននរណាម្នាក់ដែលរកឃើញថាវិជ្ជមានកូវីដ-១៩ ពីកន្លែងដូចគ្នានោះ។

បន្ថែមពីលើវិធានការនេះ កន្លែងរោងការ និងកម្មវិធីផ្សេងៗ ក៏ត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ដូចជាការប្រើប្រាស់ទឹកលាងដៃ ស្រោមដៃជ័រ និងវិធានការគម្លាតសង្គមផងដែរ។ ក្នុងនោះ អ្នកចូលរួមក៏ត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃនៅពេលចូលទៅក្នុងទីតាំងកម្មវិធីផងដែរ។

វិធានការនេះត្រូវបានដាក់ចេញ ដើម្បីត្រៀមសម្រាប់រដូវការឈប់សម្រាកខាងមុខ ដែលប្រជាជនកូរ៉េនឹងអាចសម្រាក ហើយជួបជុំគ្រួសារជាលក្ខណៈធំ ដូចជាក្នុងពិធីបុណ្យ​ជូស៊ុក (Chuseok) នៅចុងខែកញ្ញាជាដើម។

អជ្ញាធរនឹងធ្វើការផាកពិន័យ ​ប្រសិនបើមានទីតាំងណាមួយ មិនបានអនុវត្តទៅតាមវិធានការសុវត្ថិភាពខាងលើ ដែលទឹកប្រាក់ពិន័យគឺដល់ ៣លានវ៉ុន (២៥០០​ដុល្លារ) ឯណោះ។

គិតត្រឹមថ្ងៃពុធនេះ កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីចំនួន ៥៤ ករណី ខណៈដែលករណីសរុបមានដល់ ១៤៧១៤ ករណី។

Leave a Reply

Your email address will not be published. Required fields are marked *