មតិប្រជាជនខ្មែរនៅកូរ៉ ខឹងសម្បារ ក្រោយតុលាការលើកលែងការចោទប្រកាន់លើប្តីកូរ៉េ ដែលមានចេតនាសម្លាប់ប្រពន្ធខ្មែរ ដើម្បីបានប្រាក់ធានារ៉ាប់រង

ដេជុន៖​ សេចក្តីសម្រេចមួយរបស់តុលាការកំពូលនៅក្រុងដេជុន (Daejon High Court) លើករណីចោទប្រកាន់បុរសជនជាតិកូរ៉េ ដែលបានប៉ុនប៉ងធ្វើឃាតប្រពន្ធជាជនជាតិខ្មែររបស់ខ្លួន បានធ្វើឱ្យមតិសាធារណជន ជាពិសេសប្រជាជនខ្មែរដែលរស់នៅលើទឹកដីកូរ៉េ មានការខឹងសម្បារយ៉ាងខ្លាំង។

កាលពីថ្ងៃចន្ទទី ១០ សីហា ២០២០ នេះ តុលាការកំពូលក្រុងដេជុន បានចេញេសេចក្តីសម្រេចលើកលែងការចោទប្រកាន់លើជនសង្ស័យជនជាតិកូរ៉េ ដោយមិនមានកំហុសលើករណីចោទប្រកាន់ដែលគាត់មានចេតនាសម្លាប់ប្រពន្ធរបស់ខ្លួន ដើម្បីទទួលបានប្រាក់សំណងធានារ៉ាប់រងជីវិត ក្នុងគ្រោះថ្នាក់ចរាចរមួយតាំងពីខែសីហា ឆ្នាំ២០១៤ កន្លងមក។ បុរសដែលរួចការចោទប្រកាន់នេះ មានអាយុខ្ទង់ ៥០ ឆ្នាំ ហើយត្រូវបានស្គាល់ថាឈ្មោះ លី (Lee)។

បើតាមសេចក្តីសម្រេចរបស់តុលាការកំពូលក្រុងដេជុន បុរសជាប់ចោទខាងលើ ត្រូវបានលើកលែងពីបទចោទប្រកាន់មនុស្សឃាត និងកេងបន្លំធានារ៉ាប់រង ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់។ តុលាការមិនអាចរកឃើញភស្តុតាងដែលជម្រុញឱ្យបុរសនេះព្យាយាមសម្លាប់ប្រពន្ធ ដើម្បីបានប្រាក់ធានារ៉ាប់រង ដោយសារក្នុងពេលកើតហេតុ បុរសនេះមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុដែលត្រូវការលុយនោះទេ។ ផ្ទុយមកវិញ តុលាការសម្រេចដាក់ទោសបុរសនេះ លើការបំពានច្បាប់សុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះ។ ក្នុងទម្ងន់ទោសនេះ តុលាការសម្រេចដាក់ទោសឱ្យជាប់ឃុំឃាំងត្រឹមពេល ២ ឆ្នាំប៉ុណ្ណោះ។

បុរសខាងលើនេះ ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅតំបន់ Cheonan ខេត្តឈុងឈុនខាងត្បូង (South Chungcheong Province) ដែលបុរសនេះបានជិះរថយន្តខ្លួនទៅបុកឡានដឹកទំនិញមួយដែលចតចោលនៅសងខាងផ្លូវ នៅវេលាម៉ោង ៣:៤០ នាទីយប់ ដែលក្នុងហេតុការណ៍នោះ ប្រពន្ធរបស់គាត់ដែលជាជនជាតិខ្មែរ និងមានទម្ងន់ ៧ ខែផងនោះបានបាត់បង់ជីវិត។ បុរសជាប់ចោទខាងលើបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្លួន តាំងពីឆ្នាំ២០០៨ ដែលកាលនោះគាត់បានទិញធានារ៉ាប់រងដល់ទៅ ២៥ មុខ សម្រាប់ភរិយារបស់គាត់ ដែលសរុបមក គាត់អាចទទួលបានប្រាក់សំណងធានារ៉ាប់រងដល់ជាង ៨ លានដុល្លារអាម៉េរិក ប្រសិនបើករណីដែលប្រពន្ធគាត់បាត់បង់ជីវិត។

ចំពោះសេចក្តីសម្រេចរបស់តុលាការលើករណីនេះ សហគមន៍ខ្មែរ ជាពិសេសស្រ្តីរៀបការប្តីកូរ៉េបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ ស្រ្តីកម្ពុជារៀបការប្តីកូរ៉េ ១ រូប អាយុ ៣០ ឆ្នាំ បាននិយាយថា «ពួកគ្នាយើង (ស្រ្តីខ្មែររៀបការប្តីកូរ៉េ) កំពុងជជែកពីរឿងនេះនៅក្នុងគ្រុបឆាតរបស់យើង ហើយខ្ញុំមិនជឿទាល់តែសោះថាប្តីដែលជាជនជាប់ចោទនោះ បែរជាត្រូវបានដោះលែង ហើយព្រមទាំងទទួលបានប្រាក់ធានារ៉ាប់រងទៀតផង។ ឥឡូវនេះ ខ្ញុំហាក់ដូចជាសង្ស័យតិចៗដែរ ដែលប្តីខ្ញុំបានឱ្យខ្ញុំទិញធានារ៉ាប់រងជីវិតដែរ ថ្មីៗនេះ»។

ស្រ្តីខ្មែររៀបការប្តីកូរ៉េម្នាក់ទៀត បានលើកឡើងដែរថា «ខ្ញុំខឹងមែនទែន ហើយអន់ចិត្តយ៉ាងខ្លាំងលើព័ត៌មានបែបនេះ។ ពួកយើង (ស្រ្តីខ្មែររៀបការប្តីកូរ៉េ)  រស់នៅទីនេះពិបាកដោយសារការរើសអើងពីសង្គមហើយ ឥឡូវសេចក្តីប្រកាសនេះបញ្ជាក់ថា សូម្បីតាមផ្លូវច្បាប់ ក៏ពួកយើងមិនទទួលបានការការពារដែរ»។

ក្នុងករណីនេះ ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ដែលជាអាណាព្យាបាលឱ្យប្រជាពលរដ្ឋខ្មែរនៅទីនេះ ក៏បានកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយក៏កំពុងពិភាក្សាជាប់ជាមួយអង្គការសង្គមស៊ិវិល និងតំណាងមេធាវីផងដែរ បើតាមការលើកឡើងរបស់មន្ត្រីស្ថានទូត ប្រាប់ទៅសារព័ត៌មាន The Korea Times របស់កូរ៉េ។

ខ្លឹមសារអត្ថបទបកប្រែ និងកែសម្រួលពី៖ សារព័ត៌មាន The Korea Times

 

Leave a Reply

Your email address will not be published. Required fields are marked *