ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងពីការផ្អាកជើងហោះហើរពីប្រទេសហ្វីលីពីន ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ សីហា ២០២០នេះទៅ។
ការជូនដំណឹងនេះ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយពីកម្ពុជាបានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ពីសំណាក់អ្នកធ្វើដំណើរត្រឡប់មកពីប្រទេសហ្វីលីពីនវិញនាព្រឹកថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងដល់ទៅ ១៣ នាក់ ក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ ១១៩នាក់។ ក្នុងនោះ បើតាមតួលេខក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ហ្វីលីពីនបានហក់នាំមុខគេលើចំនួនករណីឆ្លងច្រើនជាងគេ ដែលត្រឹមថ្ងៃទី ១០ សីហា មានដល់ ១៣៦,៦៣៨ ករណី ច្រើនជាងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីទៅទៀត។
សូមបញ្ជាក់ថាកម្ពុជាក៏បានផ្អាកជើងហោះហើរបណ្តោះអាសន្នពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីផងដែរ ដែលចូលជាធរមានតាំងពីថ្ងៃទី ០១ សីហា ២០២០ កន្លងមក។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាមានករណីឆ្លងដល់ទៅ ២៦៦ នាក់ ក្នុងនោះ ២២០ នាក់បានជាសះស្បើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ តួលេខនៃការឆ្លងថ្មី បន្តកើនឡើងជាប្រចាំ តាមរយៈការនាំចូលពីជើងហោះហើរបរទេសនានា។