អតីតពលករកូរ៉េ​ ៖ ទៅធ្វើការនៅស្រុកគេរាប់ឆ្នាំ បើមិនចង់ខាតបង់ពេលវេលាចោលទេ ត្រូវធ្វើឱ្យបាននូវរឿងសំខាន់ ៣ ចំណុចនេះ

ខណៈពេលដែលយើងចំណាយពេលមួយអាណត្តិៗ នៅធ្វើការស្រុកគេ អ្វីដែលយើងចង់បានគឺប្រាក់ខែខ្ពស់ ស្របពេលដែលបានប្រាក់ខែខ្ពស់ តាមពិតទៅយើងមានឱកាសល្អ ៗ ថ្មីៗជាច្រើននៅទីនោះ ឱ្យតែយើងចេះចាប់យក ។ ដើម្បីចាយពេល ៤ ទៅ ៥ឆ្នាំនៅទីនោះមិនខាត យើងមិនគួរធ្វើការយកតែប្រាក់ខែនោះទេ ប្រសិនបើដូច្នេះមែន ចុះពេលយើងដាច់អាណត្តិត្រលប់មកស្រុកកំណើតវិញសួរថា បើអស់ប្រាក់ខែយើងគួរធ្វើអ្វី ? តើក្រៅពីប្រាក់ខែ អ្វីដែលសំខាន់ និងអាចយកមកប្រើនៅស្រុកយើងបាន ?

លោកសុង បូណា មានអាយុ ២៧ឆ្នាំ គឺជាអតីតពលករកូរ៉េ ដែលបានធ្វើការផ្នែកកសិកម្មនៅប្រទេសកូរ៉េប្រមាណជាជិត ៥ឆ្នាំនៅប្រទេសកូរ៉េ លោកធ្វើការនៅទីនោះផ្នែកកសិកម្ម ។ បច្ចុប្បន្ននេះលោកគឺជាអ្នកចិញ្ចឹមគោយកកូនមួយរូបដែលរស់នៅស្រុកថ្មគោ ខេត្តបាតដំបង មូលហេតុដែលលោកត្រលប់មកស្រុកកំណើតវិញចាប់យករបរចិញ្ចឹមគោយកកូន ទីមួយ ដោយសារចំណង់ចំណូលចិត្តផ្នែកកសិកម្ម ( ចិញ្ចឹមសត្វ ) ទី ២ដោយសារតែមើលឃើញពីតម្រូវការទីផ្សារសាច់គោ ទាំងក្នុងស្រុក និងក្រៅស្រុក ហើយមួយវិញទៀតនោះដោយសារតែឃើញនាំចូលសាច់គោពីក្រៅប្រទេសច្រើន ដូច្នេះលោកក៏ចង់ចាប់យកចំណែកទីផ្សារនេះដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ ។

អតីតពលករកូរ៉េវ័យ ២៧ឆ្នាំរូបនេះបានបន្ថែមថា ពលករកូរ៉េបើមិនចង់ធ្វើការឱ្យគេរាប់ឆ្នាំខាតពេលវេលាទេ ហើយចង់ត្រលប់មករកស៊ីនៅស្រុកខ្មែរវិញ រឿងសំខាន់ៗ ៣ ដែលអ្នកត្រូវដឹង ៖

រឿងដែលសំខាន់ទី ១ ដើម្បីអាចសល់លុយយកមករកស៊ីនៅស្រុកខ្មែរ គឺការចេះសន្សំសំចៃលុយកាក់ មែនទែនទៅប្រាក់ខែនៅទីនោះច្រើនគួរសមបើប្រៀបធៀបមកស្រុកយើង ចំណែកឯរបស់របរសម្ភារៈប្រើប្រាស់វិញនោះក៏មានតម្លៃថ្លៃផងដែរ ហេតុនេះវាទាមទាឱ្យយើងចេះគ្រប់គ្រងការចាយវាយ ហើយការចេះរិះថាមនេះគឺជារឿងសំខាន់មួយដើម្បីកុំឱ្យយើងចាយវាយផ្ដេសផ្ដាសឥតប្រយោជន៍ និងមិនសល់លុយ ។​

ទី ២ គឺការចេះចាប់យកជំនាញ ជាទូទៅពេលយើងទៅធ្វើការនៅទីនោះគឺយើងទៅតាមជំនាញរៀងៗខ្លួន បើធ្វើនៅទីនោះចំផ្នែកកសិកម្ម សប្បកម្ម សេវាកម្ម ឬផ្នែកអ្វីក៏ដោយ ជាការល្អគួរតែរៀនបច្ចេទេស និងជំនាញផ្នែកនោះឱ្យបានស្ទាត់ជំនាញ ដើម្បីពេលដែលយើងត្រលប់មកវិញគឺយើងមានជំនាញមួយច្បាស់លាស់ អាចបើកអាជីវកម្ម រកស៊ីដោយខ្លួនឯងបានដោយងាយ ។

និងរឿងសំខាន់ទី ៣ នោះគឺ ការចេះមើលពីរបៀបរកស៊ី គំនិតអាជីវកម្មថ្មីៗ តម្រូវការទីផ្សារ និងចេះមើលថាតើរបរណាដែលល្អ ហើយសាកសមនឹងអាចរកស៊ីនៅស្រុកខ្មែរបាន ។ ការចេះធ្វើទីផ្សារក៏ជារឿងដែលសំខាន់ និងមិនអាចខ្វះបានក្នុងការរកស៊ី ។ ប្រសិនបើអាចធ្វើបានទាំង ៣ ចំណុចខាងលើនេះពេលត្រលបមកស្រុកកំណើតវិញ មានទាំងលុយចេញរកស៊ី មានទាំងជំនាញច្បាស់លាស់ និងមានគំនិតចំណេះខាងទីផ្សារទៀត ភាគជួបហាន់និភ័យ ឬខាតគឺទាបណាស់ ។

គួររំលឹកផងដែរថា បងប្រុសក៏មានលក់ពូជស្មៅសម្រាប់ចិញ្ចឹមគោយកកូន ឬចិញ្ចឹមគោបំប៉ន់សាច់ ដូចជាពូជស្មៅ King Grass , គីនេបាសា , ម៉ូណាតូ , ផាសាធាឡាំ , ស្ដាយឡូ , រូស៊ី។ ចំពោះស្មៅប្រភេទ គីនេបាសា ស្ដាយឡូ និងបាសាពណ៌ស្វាយគឺជាជំនួយដល់ទឹកដោះ(គោយកកូន )។ ហើយចំពោះស្មៅផ្សេងទៀតវាជំនួយទាំងទឹកដោះ និងសាច់ ។ កាន់តែពិសេសបងប្រុសក៏មានសេវាកម្មបង្កាត់គោបែបសប្បនិមិត្តផងដែរ គឺប្រភេទគោពូជ ឆារូឡេ និងប្រាម៉ាន ដែលគោ ២ប្រភេទនេះជាប្រភេទគោពូជសាច់ច្រើន ទម្ងន់ធ្ងន់ ស៊ីស្មៅតិចតែធំលឿន ហើយវាគឺជាប្រភេទគោដែលត្រូវជាមួយទីផ្សារពិភពលោក ។

ព័ត៌មានលំអិត ឬប្រសិនបើបងប្អូនត្រូវការពូជស្មៅសម្រាប់ចិញ្ចឹមគោយកកូន និងបំប៉ន់សាច់ ឬចង់បង្កាត់គោពូជ អាចទាក់ទងទៅកាន់បងប្រុសបានតាមរយៈលេខទូរស័ព្ទ ៖ ០៩៦ ២០ ៦០ ០២៣ ៕

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ Business Cambodia – មិត្ត គន្ធា ( គំនិតបង្កើតលុយ ) 

 

Leave a Reply

Your email address will not be published. Required fields are marked *