ក្រុមការងារស្ថានទូតកម្ពុជា ចុះសួរសុខទុក្ខពលករខ្មែរនៅកសិដ្ឋានបណ្តុះផ្សិត ហើយផ្តាំផ្ញើទៅបងប្អូនពលករវិញនូវ​ចំណុច ២ សំខាន់ៗ ​

សេអ៊ូល៖ ឆ្លៀតពេលសម្រាកចុងសប្តាហ៍ថ្ងៃសៅរ៍ទី៨ សីហា កន្លងទៅនេះ ក្រុមការងារស្ថានទូត ដឹកនាំដោយឯកអគ្គរាជទូតបានចុះសិក្សាស្វែងយល់ សួរសុខទុក្ខ និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនពលករ និងស្ត្រីខ្មែរ ជាង៣០នាក់នៅកសិដ្ឋានបណ្តុះផ្សិតមួយកន្លែងក្នុងទីក្រុងឆុនអាន់ ។

គួរបញ្ជាក់ផងដែរថាកសិដ្ឋានបណ្ដុះផ្សិតនេះមានពលករធ្វើការជិត២០នាក់សុទ្ធតែជាជនជាតិខ្មែរ ហើយដែលជាទីមោទនភាពនោះគឺរាល់កិច្ចការ ចាត់ចែង ដាំដុះ និងលក់ដូរទាំងអស់ ត្រូវបានថៅកែផ្ដល់ទំនុកចិត្តដល់ពលករខ្មែរដើម្បីរៀបចំតាំងពីចាប់ផ្ដើមរហូតដល់លក់នៅលើទីផ្សារ។

ស្ថានទូតកម្ពុជាបានបន្តលើកទឹកចិត្តដល់បងប្អូនពលករ-ពលករិនី ដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ សូមធ្វើការសន្សំប្រាក់ដែលទទួលបាន និងជាពិសេសក្រេបជញ្ជក់នូវជំនាញវិជ្ជាជីវៈដែលបងប្អូនកំពុងបំពេញការងារជាប្រចាំដើម្បីពេលដែលត្រឡប់ទៅកម្ពុជាអាចយកជំនាញទាំងនោះទៅបង្កើតជាសិប្បកម្ម ឬអាជីវកម្មដើម្បីអភិវឌ្ឍន៍ជីវភាពរបស់គ្រួសារ និងសង្គមជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *