កម្ពុជារកឃើញករណីកូវីដ-១៩ ថ្មី ៣ ករណីទៀតហើយ ជាករណីនាំចូល ខណៈព្យាបាលជាសះស្បើយបាន ២ នាក់វិញ

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១០ សីហានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីស្ថានភាពជំងឺកូវីដ-១៩ ដោយបានរកឃើញករណីឆ្លងថ្មី ៣ ករណី ដែលជាករណីនាំចូល និងជាសះស្បើយ ២ ​រូប។

បើតាមការរាយការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលរកឃើញវិជ្ជមានថ្មីនេះ មាន៖

* បុរស ៣ នាក់ នៅត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរមកដល់កម្ពុជាថ្ងៃទី ២៣ កក្កដា ២០២០។ ពួកគាត់ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ និងរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយការធ្វើតេស្តលើកទី៤ ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

ចំណែកឯករណីជាសះស្បើយ គឺបុរសជនជាតិខ្មែរ ២ រូប ដែលបានរកឃើញវិជ្ជមានក្រោយមកដល់កម្ពុជា តាមជើងហោះហើរពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាមានករណីវិជ្ជមានចំនួន ២៥១ នាក់ (ស្រ្តី ៤៩ និងបុរស ២០២នាក់) ដែលក្នុងនោះ ២១៩នាក់ បានជាសះស្បើយ ហើយកំពុងសម្រាកព្យាបាលមាន ៣២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន (ស្ថានទូតអាម៉េរិកកាំង)។

Leave a Reply

Your email address will not be published. Required fields are marked *