កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងរងឥទ្ធិពលដោយផ្ទាល់ពីព្យុះទីហ្វុងឈ្មោះ «ចាងមី» (Jangmi) នៅសប្តាហ៍ក្រោយពីថ្ងៃចន្ទនេះទៅហើយ។
ព្យុះទីហ្វុងឈ្មោះ «ចាងមី» នេះជាព្យុះទីហ្វុងទី ៥ ក្នុងឆ្នាំនេះ ដែលនឹងនាំមកនូវទឹកភ្លៀងជោគជាំ រួមនឹងខ្យល់បោកបក់ធំៗមកដល់កូរ៉េខាងត្បូងជាថ្មី ក្រោយពីប្រទេសនេះកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងស្រាប់ទៅហើយនោះ។ ព្យុះនេះកកើតចេញពីខាងលិច ឈៀងខាងត្បូងកោះអូគីណាវ៉ា របស់ជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ និងចាប់ផ្តើមធ្វើដំណើរមកទិសខាងជើង ដែលនឹងអាចមកដល់តំបន់មួយចំនួននៅកូរ៉េខាងត្បូងនៅថ្ងៃចន្ទស្អែកនេះ។
បើតាមរដ្ឋបាលឧតុនិយមរបស់កូរ៉េខាងត្បូង ព្យុះនេះនឹងឈានមកដល់ដែនទឹក ៣៥០គ.ម. ខាងត្បូងកោះជេជូ នៅវេលាម៉ោង ១០ព្រឹកថ្ងៃចន្ទ ហើយនឹងបន្តមកដល់ដែនទឹក ៣០ គ.ម. ខាងត្បូងប៊ូសាន ប្រហែលម៉ោង ៣រសៀល ថ្ងៃចន្ទដដែលនេះ។ ដូចនេះ កូរ៉េខាងត្បូងនឹងទទួលឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង និងច្រើន រលកធំៗ រួមនឹងខ្យល់កន្ត្រាក់ផងដែរ ជាពិសេសក្នុងតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៅខេត្តឃ្យ៉ុងសាងខាងត្បូង (South Gyeongsang Province) និងកោះជេជូ។
សូមបញ្ជាក់ថាឥទ្ធិពលភ្លៀងធ្លាក់ដ៏ជោគជាំប៉ុន្មានថ្ងៃនេះ បាននាំឱ្យប្រទេសកូរ៉េខាងត្បូង រួមនឹងឧបទ្វីបកូរ៉េទាំងមូលរងផលប៉ះពាល់ ដោយការលិចលង់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ក្នុងនោះ មានការរាយការណ៍ពីករណីបាត់បង់ជីវិតដល់ទៅ ៣០នាក់ ហើយ១២នាក់ទៀតបានបាត់ខ្លួន។


