ភ្នំពេញ៖ ព្រឹកថ្ងៃទី ៩ សីហានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីស្ថានភាពជំងឺកូវីដ-១៩ ដោយបានរកឃើញករណីឆ្លងថ្មី ២ ករណី និងព្យាបាលជា ២ ករណីផងដែរ។
បើតាមការរាយការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលរកឃើញវិជ្ជមានថ្មីនេះ មាន៖
* ស្រ្តីជនជាតិខ្មែរ អាយុ ២៧ ឆ្នាំ វិលត្រឡប់មកពីប្រទេសម៉ាលី ក្នុងបេសកកម្មជាកងទ័ពមួកខៀវរបស់អង្កការសហប្រជាជាតិ
* ស្រ្តីជនជាតិកាណាដា អាយុ ៤១ ឆ្នាំ ធ្វើដំណើរមកពីប្រទេសអ៊ូបេកគីស្ថាន ឆ្លងកាត់តាមឌូបៃ និងប្តូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង។
ស្រ្តីជនជាតិខ្មែរ ត្រឡប់មកពីម៉ាលី រកឃើញលទ្ធផលវិជ្ជមានតាមលទ្ធផលវិភាគសំណាកលើកទី៥ របស់គាត់ ក្នុងអំឡុងពេលដែលគាត់កំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័កស្រាប់។ ស្រ្តីជនជាតិខ្មែររូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
រីឯស្រ្តីជនជាតិកាណាដា អាយុ ៤១ ឆ្នាំ បានមកដល់កម្ពុជានៅថ្ងៃទី ៧ សីហា ២០២០ និងរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។ រីឯអ្នករួមដំណើរតាមជើងហោះហើរជាមួយគ្នាចំនួន ៩៤នាក់ ដែលក្នុងនោះ ៧៨នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ៤នាក់ផ្សេងទៀត ក្នុងសណ្ឋាគារមួយកន្លែងទៀតនៅរាជធានីភ្នំពេញ ៦នាក់ទៀត នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុង ភ្នំពេញ និង៣នាក់ទៀត ជាមន្ត្រីការទូតអាម៉េរិកកាំង នៅក្នុងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ចំណែកឯករណីជាសះស្បើយ គឺបុរសជនជាតិខ្មែរ ២ រូប ដែលជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរតាមម៉ាឡេស៊ី។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាមានករណីវិជ្ជមានចំនួន ២៤៨ នាក់ (ស្រ្តី ៤៩ និងបុរស ១៩៩នាក់) ដែលក្នុងនោះ ២១៧នាក់ បានជាសះស្បើយ ហើយកំពុងសម្រាកព្យាបាលមាន ៣១នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន (ស្ថានទូតអាម៉េរិកកាំង)។