កូរ៉េខាងត្បូង៖ ទឹកក្នុងទន្លេធំៗ និងប្រភពខ្សែទឹកនានានៅក្នុងតំបន់ខាងត្បូង ភាគខាងលិច ប្រទេសកូរ៉េខាងត្បូង បានច្រាលពេញប្រៀបនៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយពីភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ ដែលនឹងអាចបង្ខំឱ្យប្រជាជននៅក្នុងតំបន់ ធ្វើការជម្លៀសចេញនាពេលខាងមុខដ៏ខ្លី។
ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ២ ថ្ងៃ បាននាំឱ្យមានទឹកជោរជន់ក្នុងទន្លេស៊ុមជីន នៅក្នុងតំបន់គុកស៊ុង (Gokseong) និង គ័រយ៉េ (Gurye) នៅក្នុងខេត្តចូឡាខាងត្បូង (South Jeolla Province)។ បើតាមការរាយការណ៍ ច្រាំងទន្លេនៅណាមវុន (Namwon) ប្រហែលពី ៥០ ទៅ ១០០ម៉ែត្រ ជាប់តំបន់គ័រយ៉េ (Gurye) បានបាក់នៅថ្ងៃសៅរ៍នេះ កាលពីវេលាថ្ងៃត្រង់។ ក្នុងនោះដែរ ដីស្រែចម្ការ និងផ្ទះជាច្រើនត្រូវបានជន់លិច ហើយអជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យប្រជាជនជម្លៀសខ្លួនចេញភ្លាមៗផងដែរ។

ភ្លៀងធ្លាក់ក៏បាននាំឱ្យភូមិមួយចំនួននៅតាមខេត្តគ្យ៉ុងសានខាងត្បូង (South Gyeongsan Province) លិចលង់ផងដែរ ហើយប្រតិបតិ្តការរថភ្លើងមួយចំនួនក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ខ្សែរថភ្លើង KTX រវាងអ៊ីសាន (Iksan), ខេត្តចូឡាខាងជើង (North Jeolla Province), ទីក្រុងយែជូ (Yeoju) និងខេត្តចូឡាខាងត្បូង (South Jeolla Province) ត្រូវបានផ្អាក។


រដ្ឋាភិបាលបានតម្លើងកម្រិតអាសន្ននៃការបាក់ដីឈានដល់កម្រិត «ធ្ងន់ធ្ងរ» ជាកម្រិតអាក្រក់ជាងគេ នៅក្នុងខេត្ត និងទីប្រជុំជនធំៗដល់ទៅ១៦ ទូទាំងប្រទេស លើកលែងតែកោះជេជូមួយប៉ុណ្ណោះ។
អជ្ញាធរឧតុនិយមព្យាករណ៍ថានឹងអាចមានភ្លៀងធ្លាក់ច្រើនថែមទៀតនៅតំបន់ខេត្តខ្វាងជូ និងខេត្តចូឡា នៅព្រឹកថ្ងៃអាទិត្យស្អែក ហើយតំបន់ខេត្តឈុងឈុន (Chungcheong) និងខេត្តហ្គាងវ៉ុនភាគខាងកើត (Gangwon) ក៏នឹងបន្តរងប៉ះពាល់ដោយភ្លៀងបន្ថែមទៀតផងដែរ។
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មានអ្នកស្លាប់ពីគ្រោះជំនន់ទឹកភ្លៀងនេះដល់ ២២ នាក់ ហើយ១០នាក់ផ្សេងទៀតបានបន្តបាត់ខ្លួននៅឡើយ។ ក្នុងនោះ មានប្រជាជនជាង ៣០០០ នាក់បានបាត់បង់ផ្ទះសម្បែង ដោយសារទឹកជំនន់ផងដែរ។