សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់ទីក្រុង និងតំបន់ ៧ នៅភាគកណ្តាលប្រទេសកូរ៉េ ជាតំបន់ប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកភ្លៀង បើតាមការលើកឡើងរបស់មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ។
តំបន់ទាំង ៧ ដែលត្រូវបានដាក់ជាតំបន់ពិសេសប៉ះពាល់ធ្ងន់ធ្ងរដោយទឹកភ្លៀងនេះមាន តំបន់ អានស៊ុង (Anseong) នៃខេត្តឃ្យ៉ុងគី (Gyeonggi Province), តំបន់ ឈឺវ៉ុន (Cheorwon) នៃខេត្តហ្គាងវ៉ុន (Gangwon Province), តំបន់ ឈុងជូ (Chungju) ជេឈុន (Jecheon) និងអ៊ុមស៊ុង (Eumseong) នៃខេត្តឈុងឈុនភាគខាងជើង (North Chungcheong Province), តំបន់ ឈេណាន (Cheonan និងអាសាន (Asan) នៃខេត្តឈុងឈុនភាគខាងត្បូង (South Chungcheong Province)។ តំបន់ទាំងអស់នេះ ត្រូវបានចាត់ចូលជាតំបន់រងគ្រោះធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃជំនន់ទឹកភ្លៀង មានសភាពធ្ងន់ដែលនាំឱ្យមានការខូចខាចជាច្រើន។
បើតាមការលើកឡើងរបស់រដ្ឋាភិបាល អជ្ញាធរក៏នឹងបន្តចុះតាមតំបន់ផ្សេងៗទៀតដើម្បីពិនិត្យមើលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀងនេះផងដែរ ដើម្បីអាចពិចារណាបន្ថែមតំបន់ដទៃទៀតចូលក្នុងតំបន់ប៉ះពាល់ធ្ងន់ធ្ងរនេះដែរ ដើម្បីអាចទទួលបានការគាំទ្រហិរញ្ញវត្ថុ និងការជួយឧបត្ថម្ភដទៃទៀតពីរដ្ឋាភិបាលកូរ៉េ។
ការប្រកាសដាក់តំបន់រងគ្រោះពិសេសនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចចំណាយថវិការដ្ឋសម្រាប់ជួយទ្រទ្រង់ការចំណាយពី ៥០ ទៅ ៨០ ភាគរយលើថ្លៃខូចខាតនានានៅក្នុងតំបន់ទាំងនេះ។ ក្នុងនោះដែរ ប្រជាជនដែលរស់នៅក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរនេះ ក៏នឹងទទួលបានការគាំទ្ររបស់រដ្ឋ ដូចជាវិស័យសុខាភិបាល និងសេវាសាធារណៈមួយចំនួនធំទៀត រួមនឹងការគាំទ្រផ្គត់ផ្គត់លើចំណាយទូទៅ និងការកាត់បន្ថយលើចំណាយសេវាកម្មផ្សេងៗដូចជាអគ្គិសនីជាដើមផងដែរ។ លើសពីនោះទៀត ពលរដ្ឋនៅក្នុងតំបន់ទាំងនេះ ក៏នឹងត្រូវបានលើកលែងបណ្តោះអាសន្នលើកាតព្វកិច្ចយោធាផងដែរ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ បាននាំឱ្យលិចលង់ទីតាំងជាច្រើននៅសឹងទូទាំងប្រទេសកូរ៉េ ដែលក្នុងនោះបានសម្លាប់មនុស្សអស់ ១៧ នាក់ រួមទាំងបាត់ខ្លួន ១០នាក់ផ្សេងទៀតផងដែរ។ ក្នុងនោះ ប្រជាជនជាង ២៥០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែងផងដែរ។
