ប្រាសាទព្រៃមន្ទីរ៖ ប្រាសាទឥដ្ឋក្នុងរាជធានីហរិហរាល័យ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាលទ្ធិត្រីមូត៌ិ
នៅពាក់កណ្ដាលសតវត្សទី៩ ព្រះបាទជ័យវរ្ម័នទី៣ បានកសាងប្រាសាទព្រៃមន្ទីរក្នុងរាជធានីហរិហរាល័យ ដើម្បីឧទ្ទិសថ្វាយលទ្ធិត្រីមូត៌ិ(ប្រជុំទេពបី) ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ស្ថិតក្នុងរចនាបថព្រះគោ។
តួប្រាង្គកណ្ដាល ឧទ្ទិសថ្វាយព្រះសិវៈ ប្រាង្គខាងត្បូង ឧទ្ទិសចំពោះព្រះព្រហ្ម និងប្រាង្គខាងជើង បូជាចំពោះព្រះវិស្ណុ ។ កាលពីជំនាន់កសាង ប្រហែលជាតម្កល់រូបចម្លាក់តំណាងទេពទាំងបី ក្នុងប្រាង្គនីមួយៗ។
ប្រាសាទព្រៃមន្ទីរនេះ កសាងឡើងពីឥដ្ឋមានប្រាង្គ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរាបស្មើមួយ ធ្វើពីថ្មភក់។ តួប្រាង្គទាំងបី មានទ្វារចំហបែរមុខទៅទិសខាងកើត ឯទ្វារនៃទិសបីផ្សេងទៀត ជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់ ផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ ដោយសារតួប្រាសាទបាក់បែកច្រើនអន្លើ ផ្ដែរ សសរពេជ្រ និងស៊ុមទ្វារខ្លះ ធ្លាក់ចេញមកក្រៅតួប្រាសាទ។ ផ្ដែរខាងកើតនៃប្រាង្គកណ្ដាល មានចម្លាក់រូបព្រះឥន្ទគង់លើដំរីឰរាវ័ណដែលជាយានជំនិះរបស់ព្រះអង្គ តែផ្ដែរផ្សេងៗទៀត ពុំមានចម្លាក់ ឬក្បាច់អ្វីគួរកត់សម្គាល់នោះទេ។
ម្យ៉ាងទៀត នៅខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងរក្សាទឹកតូចមួយ ធ្វើពីថ្មភក់ ។ នៅលើសាច់ថ្មជុំវិញអាងនេះ យើងឃើញចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូទឹក ដាក់ទឹកស័ក្ដិសិទ្ធិ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយក្រោយចប់ពិធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។
ប្រាសាទនេះ ស្ថិតនៅភាគខាងត្បូងប្រាសាទបាគង ចម្ងាយប្រហែល១គីឡូម៉ែត្រ ក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូង កំពុងទទួលបានការជួសជុលឡើងវិញ។
https://goo.gl/maps/9bTNgYqpzH3i7CGV7
ខ្លឹមសារទាំងស្រុងពី៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage