សេអ៊ូល៖ វិទ្យាស្ថានអភិវឌ្ឍបៃតងសាកល (Global Green Growth Institute) ដែលមានទីស្នាក់ការនៅទីក្រុងសេអ៊ូល បានផ្តល់ភ្លើងខៀវសម្រាប់រដ្ឋាភិបាលកម្ពុជា ដាក់សំណើសម្រាប់គម្រោងកែប្រែសំណល់ទៅជាថាមពល នៅទីលានចាក់សម្រាមខណ្ឌដង្កោរ នេះបើតាមការលើកឡើងរបស់ទូតខ្មែរនៅកូរ៉េ ប្រាប់ទៅសារព័ត៌មានភ្នំពេញបុស្តិ៍ភាសាអង់គ្លេស កាលពីថ្ងៃពុធ ម្សិលមិញនេះ។
ការឱ្យភ្លើងខៀវនេះ គឺជាលទ្ធផលវិជ្ជមានក្រោយពីជំនួបរបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ជាមួយនឹងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលជាប្រធានវិទ្យាស្ថានអភិវឌ្ឍបៃតងសាកល កាលពីសប្តាហ៍កន្លងទៅ។ លោកទូត ឡុង ឌីម៉ង់ បានលើកឡើងថា លោកអគ្គលេខាធិការនឹងគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំគម្រោងមួយនេះ ហើយនឹងសហការជាមួយកម្ពុជាដើម្បីផ្តល់ជូននូវដំណោះស្រាយលើបញ្ហាគ្រប់គ្រងកាកសំណល់ ប្រកបដោយចីរភាព ជាពិសេសសម្រាប់ទីលានចាក់សម្រាមនៅក្នុងភូមិបាគូ ខណ្ឌដង្កោ។
តាមការលើកឡើងរបស់លោកឯកអគ្គរាជទូត វិទ្យាស្ថានអភិវឌ្ឍបៃតងសាកលនេះមានកញ្ចប់ថវិកាដើម្បីជួយកម្ពុជាលើការគ្រប់គ្រងកាកសំណល់ និងប្រែក្លាយកាកសំណល់ទាំងនោះទៅជាថាមពលវិញ ហើយលោក បាន គីមូន បានជម្រាបមកវិញឱ្យកម្ពុជារៀបចំបញ្ជូនសំណើគម្រោងនេះ ដើម្បីគាត់អាចពិចារណាជូន។ ក្នុងនោះដែរ វិទ្យាស្ថានក៏ស្វាគមន៍ក្នុងការជួយកម្ពុជាលើផ្នែកបច្ចេកទេស និងគោលនយោបាយពាក់ព័ន្ធបញ្ហាកាកសំណល់ផងដែរ។ លោកទូតបញ្ជាក់ទៀតថា បានបញ្ជូនរបាយការណ៍ទៅកាន់ក្រសួងការបរទេសរួចរាល់ហើយ។
ពាក់ព័ន្ធនឹងការផ្តល់ភ្លើងខៀវនេះ លោក Victor Jona អគ្គនាយកនៃក្រសួងរ៉ែ និងថាមពលកម្ពុជា បានស្វាគមន៍នូវឱកាសដែលភាគីវិទ្យាស្ថានអភិវឌ្ឍបៃតងសាកលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយកន្លងមករដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយចំនួនធ្វើការសិក្សាលទ្ធភាពនៃការបង្កើតឡដុតសម្រាមនេះផងដែរ ប៉ុន្តែតម្រូវការចំណាយខ្ពស់នៅជាឧបសគ្គសម្រាប់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងបញ្ហាកាកសំណល់នេះ។ ដូចនេះ ការផ្តល់ភ្លើងខៀវរបស់វិទ្យាស្ថានអភិវឌ្ឍបៃតងសាកលនេះ នឹងជួយដល់កម្ពុជាមួយផ្នែកធំផងដែរ បើតាមការលើកឡើងរបស់លោកអគ្គនាយករូបនេះ។
អគ្គិសនីកម្ពុជាដែលជាអង្គភាពគ្រប់គ្រងលើវិស័យអគ្គិសនី បានកំពុងរៀបចំផែនការគម្រោងនេះ សម្រាប់ស្នើទៅវិទ្យាស្ថានអភិវឌ្ឍបៃតងសាកលផងដែរ។
បើតាមទិន្នន័យពីក្រសួងបរិស្ថានកាលពីចុងឆ្នាំ ២០១៩ សម្រាមជាង ៣០០០ តោន ត្រូវបានផលិតជារៀងរាល់ថ្ងៃនៅភ្នំពេញ ហើយច្រើនជាង ១០០០០ តោន ត្រូវបានផលិតរៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា។
កែសម្រួលពី៖ សារព័ត៌មាន The Phnom Penh Post