រដ្ឋាភិបាលកូរ៉េខាងត្បូង ពិនិត្យមើលសំណើរបស់ក្រុមហ៊ុនមួយ សុំដោះដូរទំនិញជាមួយកូរ៉េខាងជើង អាចជាការដោះដូរទំនិញដំបូងបង្អស់តាំងពីឆ្នាំ ២០១០

សេអ៊ូល៖ ក្រុមហ៊ុនឯកជនកូរ៉េខាងត្បូងមួយ បានស្នើសុំក្រសួងរួបរួមជាតិកូរ៉េ ពិនិត្យមើល និងផ្តល់ភ្លើងខៀវលើសំណើរ​បស់ខ្លួន ក្នុងការដោះដូរពាណិជ្ជកម្មជាមួយក្រុមហ៊ុនរបស់កូរ៉េខាងជើង ដើម្បីអាចនាំផលិតផលកូរ៉េខាងជើង ចូលទីផ្សារកូរ៉េខាងត្បូងបានជាលើកដំបូង។

ក្រុមហ៊ុនកូរ៉េខាងត្បូង Unification Nonghyup បានចុះកុងត្រាជាមួយក្រុមហ៊ុនកូរ៉េខាងជើងពីរ តាំងពីខែមិថុនាកន្លងទៅ ដើម្បីអាចនាំចូលផលិតផលស្រា ស្ករគ្រាប់ និងផលិតផលដទៃទៀតមួយចំនួនពីកូរ៉េខាងជើង ចូលទីផ្សារកូរ៉េខាងត្បូង។ ផ្ទុយមកវិញ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នឹងនាំចេញទៅកូរ៉េខាងជើងវិញនូវផលិតផលស្ករ ដែលជាទំនិញសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ កិច្ចព្រមព្រៀងនាំចេញ នាំចូល នេះមិនមែនជាការដោះដូរដោយប្រើប្រាស់លុយនោះទេ ប៉ុន្តែជាការដោះដូរដោយប្រើទំនិញ និងទំនិញ។

ប្រសិនបើសំណើនេះត្រូវបានយល់ព្រម មានន័យថានេះជាលើកដំបូងបង្អស់ តាំងពីឆ្នាំ២០១០ ដែលទំនិញរបស់កូរ៉េខាងជើងអាចនាំចូលមកទីផ្សារកូរ៉េខាងត្បូង​ គិតតាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ទណ្ឌកម្មកូរ៉េខាងជើង ក្រោយព្រឹត្តិការណ៍ពន្លិចនាវាកូរ៉េខាងត្បូង ពីសំណាក់កូរ៉េខាងជើង។ ក្នុងទណ្ឌកម្មនោះ កូរ៉េខាងត្បូងរឹតត្បិតមិនឱ្យមានការដោះដូររវាងកូរ៉េទាំងពីរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េ ក៏ធា្លប់លើកឡើងការដោះដូរទំនិញក្នុងទ្រង់ទ្រាយខ្នាតតូចរវាងកូរ៉េទាំងពីរ អាចជាយន្តការក្នុងការសម្រួលទំនាក់ទំនងកូរ៉េទាំងពីរ។

 

Leave a Reply

Your email address will not be published. Required fields are marked *