ភ្លៀងបន្តធ្លាក់គំហុកនៅកូរ៉េខាងត្បូង នាំឱ្យលិចលង់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន ក្នុងនោះមាន ១៥ នាក់ស្លាប់ និង ១១​នាក់បាត់ខ្លួន

សេអ៊ូល៖ ភ្លៀងនៅតែបន្តធ្លាក់ចុះយ៉ាងគំហុកនៅក្នុងភាគកណ្តាលប្រទេសកូរ៉េខាងត្បូង និងប្រជុំជនទីក្រុងសេអ៊ូល បណ្តាលឱ្យមានការលិចលង់ និងប៉ះពាល់យ៉ាងច្រើនលើទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋកូរ៉េផងដែរ គិតត្រឹមព្រឹកថ្ងៃពុធនេះ។

ភ្លៀងធ្លាក់យ៉ាងគំហុកទូទាំងប្រទេសនេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥ នាក់ និងបាត់ខ្លួន ១១ នាក់ បើគិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃពុធ យោងទៅតាមការលើកឡើងរបស់ទីស្នាក់ការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ។ ក្នុងនោះដែរ ប្រជាជនជាង ១៦០០ គ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយមានការរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនដល់ជាង ៤២៨១ ករណីទូទាំងប្រទេស។

ភ្លៀងនេះក៏បានបណ្តាលឱ្យខូចហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងផ្លូវ ចំនួន ៩៣៦ កន្លែង ហើយក្នុងនោះមានការរាយការណ៍ពីការរអិលបាក់ដីដល់ ២៧៧ ករណីផងដែរ។

នៅព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានដាក់ចេញបញ្ជាឱ្យក្រសួងមហាផ្ទៃ និងសុវត្ថិភាពពិនិត្យមើលសំណើរដាក់ខេត្តឃ្យ៉ុងគី (Gyeonggi) និងខេត្តឈុងឈុន (Chungcheong) ជាតំបន់ហានិភ័យខ្ពស់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *