សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជម្រាបជូនដំណឹងអំពីវិធានការរដ្ឋាភិបាលកូរ៉េសម្រាប់មន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាលបរទេស ដែលត្រូវចូលប្រទេសកូរ៉េមានខ្លឹមសារដូចខាងក្រោម៖
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់មន្រ្តីការទូត មន្រ្តីរដ្ឋាភិបាល ក៏ដូចជាសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដោយសារមួយរយៈពេលចុងក្រោយនេះមានករណីរកឃើញវិជ្ជមានជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ លើមន្រ្តីការទូត និងមន្រ្តីរដ្ឋាភិបាលដែលកាន់ទិដ្ឋាការប្រភេទ A1 និងមន្រ្តីរដ្ឋាភិបាលដែលកាន់ទិដ្ឋាការប្រភេទ A2 និងជនបរទេសដែលកាន់ទិដ្ឋាការប្រភេទ A3 (Treaties) ចូលមកក្នុងប្រទេសកូរ៉េ ដូច្នេះរដ្ឋាភិបាលកូរ៉េសូមធ្វើការណែនាំយ៉ាងមុតមាំដល់ស្ថានបេសកកម្មបរទេសទាំងអស់ប្រចាំសាធារណរដ្ឋកូរ៉េដែលមានមន្រ្តីការទូតកាន់ទិដ្ឋាការប្រភេទ A1 A2 និង A3 ដែលនឹងត្រូវចូលមកប្រទេសកូរ៉េសូមអនុវត្ត វិធានចត្តាឡីស័កនៅតាមលំនៅដ្ឋានរបស់ខ្លួន បន្ទាប់ពីធ្វើតេស្តរកជំងឺកូវីដ-១៩ រួចហើយ និងជៀសវាងឲ្យបាននូវការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងពេល ស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េ ស្នើសុំឱ្យមន្រ្តីដែលកាន់ទិដ្ឋាការប្រភេទ A1 A2 និង A3 សូមបង្កើនការអនុវត្តនូវវិធានការណ៍នានាដែលបានដាក់ចេញដោយរដ្ឋាភិបាលរបស់ខ្លួនដោយប្រុងប្រយ័ត្នបំផុតក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ មុនពេលធ្វើដំណើរចូលមកប្រទេសកូរ៉េ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមន្រ្តីការទូត មន្រ្តីរដ្ឋាភិបាល និងសាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងសូមចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយបន្តឲ្យមានប្រសិទ្ធភាព។