កូរ៉េខាងជើង បើកទ្វារទំនប់ទឹកនៅតំបន់ព្រំដែន ដោយមិនជូនដំណឹងជាមុន, ខណៈកូរ៉េខាងត្បូងកំពុងបន្តតាមដានកម្រិតកម្ពស់ទឹក

សេអ៊ូល៖ កូរ៉េខាងជើងបានបើកទ្វារទឹកនៅទំនប់ទឹកមួយនៅតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ ដោយមិនបានជូនដំណឹងមកកាន់ភាគីកូរ៉េខាងត្បូងជាមុន កាលពីល្ងាចថ្ងៃចន្ទ ទី ០៣ សីហា ២០២០។

បើតាមក្រសួងរួបរួមជាតិកូរ៉េ កូរ៉េខាងជើងបានបើកទ្វារទឹកមួយផ្នែក ដើម្បីរំដោះទឹកចេញពីទំនប់ទឹកហ្វានហ្គាង  ដែលបានបង្ហូរទឹកចូលមកកាន់ទន្លេអ៊ីមជីន (Imjin River) ដែលនៅភាគខាងលិចតំបន់ព្រំដែនកូរ៉េទាំងពីរ។ ការបើកទ្វារទឹក ដោយមិនបានជូនដំណឹងជាមុននេះ អជ្ញាធរកូរ៉េខាងត្បូងកំពុងតាមដានដោយយកចិត្តទុកដាក់ ចំពោះកម្រិតទឹកដែលអាចនឹងឡើងដល់កម្រិតប្រកាសអាសន្ន។

កម្រិតកម្ពស់ទឹកនៅស្ពានពីលស៊ុង (Pilseung) គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មានកម្ពស់ ២.៩៩ ម៉ែត្រ ដែលមិនទាន់ដល់កម្រិតត្រូវបារម្ភនោះទេ។ ក្នុងនោះដែរ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានបង្កើនយន្តការទំនាក់ទំនងផ្សេងៗ ធានាការឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីណាមួយកើតឡើង។

ប្រភពពីក្រសួងរួបរួមជាតិកូរ៉េ របស់កូរ៉េខាងត្បូង បានលើកឡើងថាការដែលកូរ៉េខាងជើងបើកទ្វារទឹកដោយមិនបានជូនដំណឹងមកភាគីកូរ៉េខាងត្បូងជាមុននេះ ជាការបំពានលើស្មារតីកិច្ចព្រមព្រៀងអន្តរកូរ៉េតាំងពីឆ្នាំ២០០៩ ដែលកាលនោះកូរ៉េខាងជើង ព្រមព្រៀងថានឹងជូនដំណឹងដល់កូរ៉េខាងត្បូងជាមុន ក្នុងករណីដែលខ្លួនត្រូវបើកទ្វារទឹកនៅតាមតំបន់ព្រំដែន។

Leave a Reply

Your email address will not be published. Required fields are marked *