សព្វថ្ងៃ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាន់តែមានទំនើប និងមានភាពងាយស្រួល ជាពិសេសជាមួយនឹងលទ្ធភាពនៃការប្រើប្រាស់ទូរស័ព្ទ Smartphone បានសឹងតែគ្រប់គ្នានោះ ទំនោរថ្មីនៃការប្រើប្រាស់ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ កំពុងតែពេញនិយមឡើងៗ។ យ៉ាងណាមិញ ជាមួយនឹងការវិវត្តថ្មីនេះ ក៏មានការបន្តកើនឡើងនូវបញ្ហាផ្នែកលួចបន្លំ និងបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើនឡើងផងដែរ។
ដោយមាននូវរូបភាព និងបទពិសោធន៍ឆបោកផ្សេងៗជាច្រើនកន្លងមក ធនាគារជាច្រើនបានបន្តណែនាំអតិថិជនរបស់ខ្លួនពីវិធីសម្រាប់ការពារខ្លួនពីការឆបោកផងដែរ។ ធនាគារ ABA ក៏បានបង្ហាញអតិថិជនរបស់ខ្លួនពីវិធីសំខាន់ៗមួយចំនួនក្នុងការការពារខ្លួនពីការឆបោកផងដែរ៖
អតិថិជនធនាគារ ABA ទាំងអស់ យើងខ្ញុំសូមរំលឹកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងការហៅទូរស័ព្ទ អ៊ីមែល ឬក៏សារដែលអះអាងថាមកពីធនាគារ ABA ដោយមិនបានគិតពីថាតើការហៅទូរស័ព្ទ អ៊ីមែល ឬក៏សារទាំងនោះពិតប្រាកដ ឬយ៉ាងណានោះទេ។
ទាំងនេះជាការណែនាំសាមញ្ញៗមួយចំនួនសម្រាប់បទពិសោធសេវាធនាគារប្រកបដោយសុវត្ថិភាពរបស់អ្នក៖
- កុំចែករំលែកកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងជាមួយបុគ្គលណាម្នាក់ ទោះបីបុគ្គលដែលអះអាងថាខ្លួនជាបុគ្គលិកធនាគារ ABA ក៏ដោយ
- កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
- សូមរំលឹកថា ធនាគារ ABA ប្រើតែលេខ 023 225 333 និង 098 203 333 ដើម្បីទាក់ទងលោកអ្នកប៉ុណ្ណោះ ប្រសិនបើមានបញ្ហាជាមួយប្រូម៉ូសិន ស្ទង់មតិ ឬ ដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!
- កុំបង្ហាញ ឬផ្តល់ឲ្យបុគ្គលណាម្នាក់នូវព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA
- កុំថតរូបកាតរបស់អ្នក និងចែករំលែករូបថតនោះជាមួយបុគ្គលផ្សេង
- ឧស្សាហ៍ដូរលេខកូដ PIN កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នក។
យើងខ្ញុំនឹងមិនទាក់ទងអ្នក ឬចាត់តាំងឲ្យបុគ្គលណាម្នាក់ជំនួសយើងខ្ញុំទៅទាក់ទងអ្នកដើម្បីព័ត៌មានលម្អិតទាំងនេះឡើយ។ បុគ្គលណាដែលស្នើសុំព័ត៌មានទាំងនេះពីអ្នក គឺជាជនឆបោក! ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬសារដែលបន្លំថាខ្លួនមកពីធនាគារ ABA ដើម្បីសុំព័ត៌មានដែលមានរៀបរាប់ខាងលើ ឬប្រសិនបើអ្នកគិតថា អ្នកអាចក្លាយជាជនរងគ្រោះនៃសកម្មភាពឆបោក សូមទាក់ទងមកកាន់យើងខ្ញុំភ្លាមៗតាមរយៈលេខទូរស័ព្ទ 023 225 333 ឬ 098 203 203 ឆាតជាមួយយើងខ្ញុំនៅលើវិបសាយ www.ababank.com ឬក៏អ៊ីមែលមកកាន់យើងខ្ញុំតាមរយៈ info(at)ababank.com ។
សូមអរគុណ!
ចំពោះអតិថិជនរបស់ធនាគារផ្សេង ក៏គួរស្វែងយល់ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើការប្រើប្រាស់កម្មវិធី និងប្រព័ន្ធធនាគារ ហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។