៣ ចំនុចធំៗ ក្រសួងសុខាភិបាលក្រើនរំលឹកឱ្យប្រកាន់ខ្ជាប់​ ដើម្បីការពារពីកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកសងចូលឆ្នាំខាងមុខនេះ

ភ្នំពេញ៖ យោងតាមស្មារតីនៃអនុក្រឹត្យរដ្ឋាភិបាលចុះថ្ងៃទី ១៥ កក្កដា ២០២០ មន្ត្រីរាជការ និយោជិត កម្មករ នឹងត្រូវបានឈប់សម្រាកការងាររយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ ខាងមុខ ហើយប្រសិនបើរាប់បញ្ចូលទាំងថ្ងៃចុងសប្តាហ៍ទៀត ការឈប់សម្រាកនឹងកើនដល់ ៩ ថ្ងៃជាប់ៗគ្នា ដែលជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ធ្វើការសម្រាក ទៅជួបជុំគ្រួសារ សាច់ញាតិ និងធ្វើដំណើរកំសាន្តទៅទីកន្លែងលំហែកំសាន្តនានាទូទាំងប្រទេសផងដែរ។ យ៉ាងណាមិញ ក្នុងបរិការណ៍នៃការទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីណែនាំសំខាន់ក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក ដែលមានខ្លឹមសាររួម ៣ ចំណុចធំៗ​ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តដោយយកចិត្តទុកដាក់ ដើម្បីការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ មានដូចខាងក្រោម៖

១. មធ្យោបាយធ្វើដំណើរសាធារណៈរួមគ្នា៖

  • បើប្រើប្រាស់ការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ដូចជាឡានក្រុង ឡានតាក់ស៊ីជាដើម ត្រូវពាក់ម៉ាស់ជានិច្ច និងរក្សាគម្លាតសុវត្ថិភាព និងវិធានការអនាម័យចាំ​បាច់នានា
  • ជៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម
  • អ្នកបើកបរត្រូវបើកបង្អួចឱ្យមានខ្យល់ចេញចូល និងជៀសវាងប្រើម៉ាស៊ីនត្រជាក់យូរពេក ហើយតម្រូវឱ្យអ្នកធ្វើដំណើរអនុវត្តវិធានការអនាម័យចាំបាច់នានា

២. មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន៖

  • ត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់
  • ត្រូវខ្ទប់មាត់ ច្រមុះពេលកណ្តាស់ រួចខ្ចប់បោះចោលឱ្យបានត្រឹមត្រូវ
  • ជៀសវាងការខាកស្តោះពាសវាល ពាសកាល
  • ត្រូវរក្សាអនាម័យ និងសម្អាតផ្ទៃក្នុងយានយន្តឱ្យបានញឹកញាប់

៣. គម្លាតសុវត្ថិភាពបុគ្គល៖

  • ជាការអនុវត្ត បុគ្គលម្នាក់ៗគួររក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើនកកកុញ
  • អ្នកដែលមានហានិភ័យសុខភាពខ្លាំង ដូចជាចាស់ជរា ស្រ្តីមានផ្ទៃពោះ កុមារតូចៗ បើអាចជៀសបាន មិនគួរធ្វើដំណើរទៅកន្លែងដែលកកកុញ និងមានហានិភ័យខ្ពស់នោះទេ។

សូមបងប្អូនទាំងអស់គ្នា ចូលរួមអនុវត្តវិធានការទាំងនេះឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលឈប់សម្រាកខាងមុខ។

 

Leave a Reply

Your email address will not be published. Required fields are marked *