ឯកអគ្គរាជទូត ឡុង ឌីម៉ង់ ពាំនាំលិខិតសម្តេចតេជោ ជូនដល់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយផ្ទាល់

សេអ៊ូល៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល បានពំានាំលិខិតរបស់សម្ដេចតេជោ ជូនដល់លោកអគ្គលេខាធិការ បាន គីមូន (Ban Ki-moon) ដោយផ្ទាល់ដៃ និងបានបន្តពិភាក្សាគ្នាសិ្នទ្ធស្នាលកាលពីថ្ងៃទី ៣០ កក្កដា ២០២០​កន្លងទៅ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោកទូត រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនសហការជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍបៃតងសាកល ដែលដឹកនាំលោក បាន គីមូន ទាំងលើគោលនយោបាយ និងហិរញ្ញវត្ថុ ក្នុងវិស័យគ្រប់គ្រងកាកសំណល់ដើម្បីបំលែងទៅជាថាមពលស្អាត។

ក្នុងនោះដែល លោកទូត ក៏បានរំលេចអំពីភាពស្និទ្ធស្នាលក្នុងជំនួបជាមួយលោកបាន គីមូននេះផងដែរ ដោយបានលើកឡើងអ្នកទាំងពីរនិយាយគ្នាជាភាសាបារំាងផង និងអង់គ្លេសផង ក្នុងបរិយាកាសរីករាយ និងជក់ចិត្តផងដែរ។ លោកទូតក៏បានលើកឡើងពីអនុស្សាវរីយ៍ចងចាំចំពោះអាណត្តិអគ្គលេខាធិការអង្គការសហប្រជាជាតិរបស់លោក បាន គីមូន «ខ្ញុំនៅចងចាំកាលពីឆ្នាំ 2007 ក្នុងពេលចាប់ផ្ដើមបំពេញជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ពេលផ្ដល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្ដីមួយ គេឆ្ងល់សួរគាត់ថាហេតុអ្វីបានក្នុងការិយាល័យគាត់ដាក់តាំងសុទ្ធតែរូបថ្លុកដែលគេហាក់ដូចជាមាក់ងាយគាត់ទៅវិញ? ហើយខ្លះទៀតគិតថាគាត់មិនអាចបំពេញកិច្ចការដ៏ធ្ងន់នេះបានមួយអាណត្តិផង…
គាត់បានឆ្លើយថា ពាក្យពេចន៍បន្តុះបង្អាប់ និងមាក់ងាយនេះ គឺជាថាមពល ជាកម្លាំងចិត្តដែលធ្វើឲ្យគាត់រឹតតែខិតខំប្រឹងប្រែង រហូតដល់គាត់ដឹកនាំអង្គការពិភពលោកមួយនេះ ឆ្លងកាត់ព្យុះភ្លៀងជាច្រើនប្រកបដោយជោគជ័យក្នុងរយៈពេលពីរអាណត្តិជាប់គ្នា។»

សូមបញ្ជាក់ថា លោក បាន គីមូន បានដើរតួនាទីយ៉ាងសំខាន់ជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី៨ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ដែលក្នុងនោះស្នាដៃធំៗរបស់លោក មានដូចជាការធ្វើកំណែទម្រង់លើប្រតិបត្តិការកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ) ក៏ដូចជាកំណែទម្រង់ផ្ទៃក្នុងមួយចំនួនទៀតផងដែរ។ លើវិស័យគោលនយោបាយសាកល លោក បាន គីមូន ជាអ្នកគាំទ្រលើការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *