សេអ៊ូល៖ ស្ថានទូតខ្មែរនៅកូរ៉េបានជូនដំណឹងអំពីនីតិវិធីសម្រាប់បងប្អូនខ្មែរនៅកូរ៉េអាចស្នើធ្វើលិខិតធ្វើដំណើរបណ្តោះអាសន្ន (លិខិតបើកផ្លូវ) និងលិខិតផ្ទេរសិទ្ធិដើម្បីយកទារកត្រឡប់ទៅប្រទសកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណើងដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េជ្រាបថា តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាក្រកម្ពុជា ស្តីពីនីតិវិធីក្នុងការផ្តល់លិខិតធ្វើដំណើរបណ្តោះអាសន្ន (លិខិតបើកផ្លូវ) ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជា និងលិខិតផ្ទេសិទ្ធិដើម្បីយកទារកត្រឡប់ទៅប្រទសកម្ពុជា ដោយតម្រូវឱ្យសាមីខ្លួន ឪពុក-ម្តាយ អ្នកទទួលសិទ្ធិយកទារកទៅប្រទេកម្ពុជា ត្រូវឡើងមកបំពេញពាក្យស្នើសុំ និងកិច្ចសន្យាផ្ទេរសិទ្ធិ ដោយផ្ទាល់នៅស្ថានទូត ដោយភ្ជាប់មកជាមួយនូវរូបថត និងឯកសារពាក់ព័ន្ធផ្សេងៗ។
មន្ត្រីស្ថានទូតនឹងជួបសម្ភាសន៍ និងត្រួតពិនិត្យមើលឯកសារហើយបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីសុំគោលការណ៍ចេញលិខិតបើកផ្លូវជូនដល់អ្នកមកស្នើសុំ។
ដូចនេះ ដើម្បីសម្រួលដល់បងប្អូនដែលមិនអាចធ្វើដំណើរមកស្ថានទូតក្នុងថ្ងៃធ្វើការធម្មតាបាន ស្ថានទូតបានបន្ថែមពេលវេលាធ្វើការពិសេស (ព្រឹកថ្ងៃសៅរ៍ ម៉ោង៩ ដល់ម៉ោង ១២ថ្ងៃត្រង់) ដើម្បីឱ្យបងប្អូនអាចឡើងមកបំពេញបែបបទ-ពាក្យស្នើសុំដោយផ្ទាល់នៅស្ថានទូត តាមរយៈអាសយដ្ឋាន (캄보디아 대사관) 서울시 중구 세종대로 55, 부영태평빌딩 14층។
សម្រាប់ចម្ងល់ផ្សេងៗ និងព័ត៌មានបន្ថែមមុនពេលឡើងមកស្ថានទូត សូមទំនាក់ទំនងទូរស័ព្ទលេខ 0237851041 ។
សូមអរគុណ