កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ជានិច្ច ក្នុងការសហការជាមួយកូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េថ្មី លោក លី អ៊ីនយ៉ុង និយាយនៅថ្ងៃនេះថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ដើម្បីអាចសហការជាមួយកូរ៉េខាងជើង ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា នៅក្នុងទឹកដីកូរ៉េខាងជើង។

លោករដ្ឋមន្ត្រីបានលើកឡើងដូចនេះ ប៉ុន្មានថ្ងៃក្រោយដែលកូរ៉េខាងជើងបានប្រកាសដាក់ប្រទេសខ្លួនក្នុងស្ថានភាពអាសន្ន និងបានបិទខេត្តកេស៊ុង ក្រោយពីមានអ្នកលួចរត់ឆ្លងព្រំដែនម្នាក់ ត្រឡប់មកពីកូរ៉េខាងត្បូងវិញ ហើយមានអាការៈសង្ស័យជាជម្ងឺកូវីដ-១៩។

ប្រទេសកូរ៉េខាងត្បូងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពបម្រាមនៅក្នុងខេត្តកេស៊ុង និងខេត្តជុំវិញនោះ។ លោករដ្ឋមន្ត្រី លី បានលើកឡើងថាយើងបារម្ភចំពោះសុខភាពរបស់​ប្រជាជនកូរ៉េខាងជើង ដែលអាចនឹងលំបាកខ្លាំងក្នុងអំឡុងពេលនៃការប៉ះពាល់ពីជម្ងឺនេះ ជាងអ្វីៗទាំងអស់ ហើយប្រសិនបើមានឱកាស ខ្ញុំយល់ថាកូរ៉េទាំងពីរគួរមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដនេះ មិនមែនតែនៅក្នុងខេត្តកេស៊ុងនោះទេ តែនៅក្នុងទឹកដីកូរ៉េខាងជើងទាំងមូលផងដែរ។ យ៉ាងណាមិញ ចំពោះសំណើរនេះ កូរ៉េខាងជើងមិនទាន់មានការឆ្លើយតបថាយ៉ាងណានោះទេ។

មកដល់ពេលបច្ចុប្បន្ន​ កូរ៉េខាងជើងបានបញ្ជាក់ថាខ្លួនមិនមានករណីកូវីដ-១៩ សូម្បីតែមួយនោះទេ តែអ្នកវិភាគបានលើកការសង្ស័យចំពោះការអះអាងរបស់កូរ៉េខាងជើង ដោយហេតុថាព្រំដែនរវាងចិន និងកូរ៉េខាងជើងមានភាពធូររលុងខ្លាំង និងមានសម្ភារៈបរិក្ខា និងសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជម្ងឺនេះនោះទេ។

ចាប់តាំងពីឡើងកាន់តំណែងថ្មីមក លោករដ្ឋមន្ត្រីរួបរួមជាតិកូរ៉េផ្តោតអាទិភាពលើការចាប់ផ្តើមពិភាក្សាឡើងវិញជាមួយកូរ៉េខាងជើង ដោយលើកឡើងថាជាតម្រូវការដើម្បីអាចវិលត្រឡប់មកទំនាក់ទំនងប្រក្រតីវិញរវាងប្រទេសទាំងពីរ។

 

Leave a Reply

Your email address will not be published. Required fields are marked *