លួចរត់ចេញពីទីតាំងចត្តាឡីស័ក បុរសវៀតណាម ៣ រូប នឹងត្រូវនិរទេសបណ្តេញចេញពីប្រទេសកូរ៉

គីមផូ៖ បុរសជនជាតិវៀតណាម ៣ រូប ត្រូវបានចាប់ខ្លួនកាលពីដើមសប្តាហ៍នេះដោយល្មើសទៅនឹងបម្រាមចត្តាឡីស័ក ហើយនឹងប្រឈមការបណ្តេញចេញពីកូរ៉េ បើតាមការលើកឡើងរបស់ប៉ូលីសកូរ៉េ។

បុរសវៀតណាមទាំងបីខាងលើ អាយុខ្ទង់ ២០ ឆ្នាំ  ត្រូវបានគេបញ្ជាក់ថាបានបាត់ខ្លួនពីទីតាំងចត្តាឡីស័ក ដោយមិនមានការអនុញ្ញាត នៅពេលយប់ថ្ងៃចន្ទសប្តាហ៍នេះ។ ពួកគេបានចូលមកដល់ប្រទេសកូរ៉េកាលពីថ្ងៃទី ២០ កក្កដា ២០២០ កន្លងទៅ ដោយកាន់វីសា B-2 ទេសចរណ៍ ហើយត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤​ថ្ងៃ។

បើតាមប៉ូលីសក្រុងឃ្យ៉ុងគី អ្នកដែលរត់ចេញពីរនាក់ត្រូវបានចាប់ខ្លួននៅអ៊ីនឆន់នៅរសៀលថ្ងៃពុធនេះ ហើយម្នាក់ទៀតត្រូវបានរកឃើញនូវអន្តេវាសិកដ្ឋាននៃរោងចក្រមួយនៅតំបន់ខ្វាងជូ ក្រោយមកមួយថ្ងៃ។ ប៉ូលីសក៏បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត សង្ស័យថាបានជួយក្នុងការរត់គេចខ្លួនរបស់ជនជាតិវៀតណាម២រូប នៅអ៊ីនឆន់នោះដែរ។

ជនល្មើសចត្តាឡីស័កបានសារភាពថា ពួកគេមានអារម្មណ៍ធុញថប់ និងថប់ដង្ហើមនៅទីតាំងចត្តាឡីស័កនោះ ហើយក៏សម្រេចចិត្តរត់ចេញដើម្បីទៅរកលុយវិញ។

ប៉ូលីសក្រុងឃ្យ៉ុងគី បញ្ជាក់ថាជនសង្ស័យទាំងបីនឹងត្រូវនិរទេសខ្លួនចេញពីប្រទេសកូរ៉េ បន្ទាប់ពីការស៊ើបអង្កេតចប់សព្វគ្រប់។

 

Leave a Reply

Your email address will not be published. Required fields are marked *