សហគ្រាស ឬរោងចក្រផលិតសព្វាវុធកូរ៉េខាងត្បូង ៣២ នឹងទទួលបានការឧបត្ថម្ភធុនពីរដ្ឋាភិបាលដល់ជិត ៥០ លានដុល្លារ

សេអ៊ូល៖ សហគ្រាស ឬរោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងត្បូងចំនួន ៣២ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់ឧបម្ភត្ថធនពីរដ្ឋាភិបាលនូវទឹកប្រាក់រហូតដល់ ៥០.៧ ប៊ីលានវ៉ុន (៤២.៤ លានដុល្លារអាម៉េរិក) ដើម្បីជួយទ្រទ្រង់ផលិតកម្ម នេះបើតាមលើកឡើងរបស់អង្គភាពលទ្ធកម្មសព្វាវុធកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ។

ក្នុងចំណោមសហគ្រាស ឬរោងចក្រផលិតសព្វាវុធទាំង ៣២ នេះ មាន ១១​ សហគ្រាស ឬរោងចក្រជាប្រភេទរោងចក្រខ្នាតតូច ឬមធ្យម ដែលបានទទួលការឧបត្ថម្ភរហូតដល់ ៣០ ប៊ីលានវ៉ុន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សម្រាប់បង្កើតផ្នែកបង្គុំផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈក្រុមហ៊ុន ៨ ផ្សេងទៀត នឹងទទួលបាន ១៤​.១ ប៊ីលានវ៉ុន ក្នុងរយៈពេល ៣ឆ្នាំ សម្រាប់ពង្រឹងភាពប្រកួតប្រជែងអាចវាយលុកចូលទីផ្សារបរទេសបាន។ រីឯទឹកប្រាក់ ៦.៥ ប៊ីលានវ៉ុនទៀត ត្រូវបានផ្តល់ជូនដល់សហគ្រាស ឬរោងចក្រ ១៣ ទៀតដែលមានបំណងចង់វិនិយោគចាប់ផ្តើមក្នុងវិស័យការពារជាតិ ក្នុងបរិការណ៍ប៉ះពាល់ដោយកូវីដ-១៩នេះ។

សូមជម្រាបជូនផងដែរ មធ្យោបាយនៃការឧបត្ថម្ភធុន ជាយន្តការសម្រាប់រដ្ឋាភិបាលទ្រទ្រង់ដល់សហគ្រាស រោងចក្រ ឬភាគីពាក់ព័ន្ធក្នុងវិស័យផលិតកម្មអាចពង្រឹងខ្លួនដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារបាន។ កន្លងមក រដ្ឋាភិបាលកូរ៉េបានធ្វើការឧបត្ថម្ភធុនដល់ក្រុមហ៊ុនឧស្សាហកម្មធំៗមួយចំនួន ដែលបច្ចុប្បន្នបានក្លាយជាសហគ្រាសសាជីវកម្មទ្រង់ទ្រាយធំទាំងនៅក្នុងស្រុក និងបរទេស ដូចជាក្រុមហ៊ុនផលិតដែកថែប POSCO ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *