«ព្រះនាងរ៉ាយ៉ា និង​ពង្សនាគចុងក្រោយ» ភាពយន្តគំនូរជីវចលថ្មីរបស់ Walt Disney មានដាក់បញ្ចូលរំលេចនូវវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ

ភ្នំពេញ៖ លោកបណ្ឌិតសាស្រ្តាចារ្យ ចិន្ត ច័ន្ទរតនា បានបង្ហោះនូវសារមួយបង្ហាញពីក្តីមោទនភាពរបស់លោក ក្នុងការសម្រេចបានជោគជ័យក្នុងការបង្ហាញពីវប្បធម៌ខ្មែរទៅក្នុងខ្សែភាពយន្តរបស់ Walt Disney នាថ្ងៃអាទិត្យម្សិលមិញ។

បើតាមទំព័រហ្វេសប៊ុករបស់លោកបណ្ឌិតសាស្រ្តាចារ្យ ចិន្ត ច័ន្ទរតនា ខ្សែភាពយន្តថ្មីរបស់ Walt Disney ដែលជាផលិតកម្មគំនូរជីវចល និងភាពយន្តហូលីវូដដ៏ល្បីល្បាញនៅអាម៉េរិក មានចំណងជើងថា «Raya and the Last Dragon» ប្រែជាខ្មែរថា «ព្រះនាងរ៉ាយ៉ា និង​ពង្សនាគចុងក្រោយ»។​ អ្វីដែលពិសេសខ្លាំងនោះ គឹភាពយន្តគំនូរជីវចលថ្មីនេះ នឹងមានការរំលេចនូវឈុតឆាកផ្សេងៗជាវប្បធម៌របស់ខ្មែរទៀតផង។

ក្នុងនោះដែរ ក្រុមការងារផលិតកម្ម Walt Disney ក៏បានមកធ្វើការសិក្សាស្វែងយល់ផ្ទាល់ពីវប្បធម៌កម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ជាទីដែនជម្រុកនៃវប្បធម៌ដ៏សំបូរបែបរបស់យើង ក្រោមការណែនាំ និងប្រឹក្សាយោបល់ផ្ទាល់ពីលោកបណ្ឌិតសាស្រ្តាចារ្យ ចិន្ត ច័ន្ទរតនា ដែលជាបណ្ឌិតខាងប្រវត្តិសាស្រ្តកម្ពុជា។

សូមបញ្ជាក់ថា ភាពយន្តថ្មីនេះផ្តោតលើដែនដីអាថ៌កំបាំងសិប្បនិមិត្តមួយឈ្មោះថា គូម៉ាន់ដ្រា ដែលមានតួអង្គរ៉ាយ៉ា តាមស្វែងរកពង្សនាគចុងក្រោយគេបង្អស់លើលោក។ ភាពយន្តនេះក៏មានរួមបញ្ចូលនូវធាតុផ្សំនៃវប្បធម៌ប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដូចជាថៃ វៀតណាម ឥណ្ឌូណេស៊ី និងឡាវផងដែរ។

រឿងនេះគ្រោងនឹងចាក់ផ្សាយដំបូងនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី ២៥ វិច្ឆិកា ២០២០ តែត្រូវពន្យារដល់ថ្ងៃទី១២ ខែមីនា ២០២១ វិញដោយសារតែជម្ងឺកូវីដ-១៩។

 

Leave a Reply

Your email address will not be published. Required fields are marked *