រដ្ឋាភិបាលកូរ៉េគ្រោងនឹងកែប្រែច្បាប់ថ្មី តម្រូវឱ្យអ្នកជម្ងឺកូវីដ-១៩ ជាជនបរទេសទទួលបន្ទុកចំណាយព្យាបាល និងថែទាំដោយខ្លួនឯងវិញ

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េសម្រេចចិត្តនឹងកែប្រែច្បាប់ដើម្បីតម្រូវឱ្យអ្នកជម្ងឺកូវីដ-១៩ ជាជនបរទេស រ៉ាប់រងការចំណាយលើការព្យាបាលដោយខ្លួនឯង ខណៈដែលកូរ៉េខាងត្បូងហាក់ឃើញមានទំនោរនៃករណីនាំចូលថ្មីកាន់តែច្រើនឡើងៗ។

សេចក្តីសម្រេចនេះត្រូវបានព្រមព្រៀងក្នុងកិច្ចប្រជុំអន្តរវិស័យពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផ្ទាល់។ ក្រសួងសុខាភិបាលនឹងមានតួនាទីធ្វើវិសោធនកម្ម (ផ្លាស់ប្តូរ) បទបញ្ញាតិ្តក្នុងការទាមទារឱ្យជនបរទេសដែលដឹងថាខ្លួនមានជម្ងឺកូវីដ-១៩ ហើយធ្វើដំណើរមកដល់ប្រទេសកូរ៉េ និងអ្នកដែលត្រូវបានរកឃើញវិជ្ជមានក្នុងអំឡុងពេលចត្តាឡីស័ក ១៤ ថ្ងៃផងដែរ។

ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏នឹងពិចារណាលើលទ្ធភាពផ្តល់ការគាំទ្រហិរញ្ញវត្ថុបន្ថែមដល់ជនជាតិកូរ៉េនៅបរទេស ដែលត្រូវព្យាបាលនៅបរទេសផងដែរ។

សូមបញ្ជាក់ថា ក្រោមគោលការណ៍បច្ចុប្បន្ន បន្ទុកចំណាយលើការព្យាបាល ថែទាំលើអ្នកជម្ងឺកូវីដ-១៩ គ្រប់ជាតិសាសន៍ទាំងអស់នៅក្នុងប្រទេសកូរ៉េ ជាបន្ទុករបស់រដ្ឋាភិបាលកូរ៉េទាំងស្រុង។

ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ កូរ៉េខាងត្បូងសង្កេតឃើញសន្ទុះនៃការកើនឡើងករណីថ្មីដែលជាករណីនាំចូលពីក្រៅប្រទេស។ ត្រឹមថ្ងៃអាទិត្យ ករណីវិជ្ជមានដែលរកឃើញនៅកូរ៉េមានដល់ ១៤,១៥០ ករណីទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *