តើធ្លាប់ដឹងអត់ថា VISA និង MasterCard មានមុខងារអ្វីខ្លះ? ហើយកាតពីរហ្នឹងខុសគ្នាដូចម្តេចខ្លះ?

សម្រាប់អ្នកដែលមានប្រើប្រាស់គណនីធនាគារ ហើយនិងកាត ATM សម្រាប់ទូទាត់ប្រាក់ផ្សេងៗនោះ ប្រាកដជាធ្លាប់លឺពី VISA និង Master Card។ តើអ្នកដឹងទេ ថាកាតទាំងពីរប្រភេទហ្នឹងមានមុខងារអីខ្លះ ហើយខុសគ្នាដូចម្តេចខ្លះ?

VISA និង Master Card គឺជាបណ្ដាញសម្របសម្រួលការទូទាត់ប្រាក់ (Payment Processing Networks) បែបអេឡិចត្រូនិច។ តាមពិតទៅ VISA និង MasterCard មានតួនាទីដូចគ្នា គ្រាន់តែបណ្ដាញសេវាផ្គត់ផ្គង់ដោយក្រុមហ៊ុនផ្សេងគ្នាប៉ុណ្ណោះ។ ចំណែកឯកាតទាំងពីរប្រភេទនេះក៏ចែកចេញជាប្រភេទប័ណ្ណឥណពន្ធ (Debit Card) និង ប័ណ្ណឥណទាន (Credit Card) ផងដែរ។

ប័ណ្ណឥណពន្ធ (Debit Card) មានន័យថាកាតនោះភ្ជាប់ជាមួយគណនីរបស់អ្នកដែលមានតម្កល់ប្រាក់រួចជាស្រេចហើយ។​ ​នោះពេលមានប្រតិបត្តិការទូទាត់ប្រាក់ ខាងធនាគារនឹងកាត់លុយចេញពីគណនីរបស់អ្នក។

រីឯប័ណ្ណឥណទាន (Credit Card) អាចឱ្យអ្នកធ្វើប្រតិបត្តិការទូទាត់បានដូចប័ណ្ណឥណពន្ធដែរ តែថ្លៃប្រតិបត្តិការទាំងនោះនឹងត្រូវបានកត់ត្រាទុក។ រហូតដល់កាលកំណត់ ទើបអ្នកត្រូវទូទាត់ថ្លៃចំណាយសរុបជាមួយខាងធនាគារជាក្រោយ។ អាចនិយាយបានថា លុយដែលអ្នកទូទាត់ជាមួយនឹងប័ណ្ណឥណទាននោះ គឺជាលុយដែលអ្នកខ្ចីពីធនាគារមកចាយសិន ហើយចាំសងធនាគារវិញសរុបតាមកាលកំណត់ដែលបានព្រមព្រៀង ដែលជាទូទៅគឺជារៀងរាល់ខែ។

ជាធម្មតា កាត VISA និង MasterCard ត្រូវបានបោះចេញដោយធនាគារដែលយើងកំពុងប្រើប្រាស់ មិនមែនខាងក្រុមហ៊ុន VISA ឬ MasterCard ផ្ទាល់នោះទេ។ ឧទាហរណ៍ បើអ្នកបើកគណនីធនាគារ ABA ហើយអ្នកចង់បានកាត VISA ឬ MasterCard នោះខាងធនាគារ ABA និងចេញកាតនោះអោយអ្នក ដែលមានម៉ាកសញ្ញា ABA នៅលើកាត។ រីឯអតិថិជនអាចជ្រើសរើសកាត VISA ឬ MasterCard ក្នុងប្រភេទ Debit ឬ Credit Card ទៅតាមតម្រូវការ។

ចំណុចដែលសំខាន់នោះគឺ ប្រសិនបើអ្នកចង់ប្រើ VISA Card ឬ MasterCard ជាប្រភេទ Credit Card អ្នកគួរស្វែងយល់ពីអត្រាការប្រាក់ និងថ្លៃដែលអ្នកត្រូវបង់សងបើអ្នកមិនបានសងត្រឡប់លុយដែលអ្នកខ្ចីមកចាយតាមកាត credit នោះទាន់កាលកំណត់។

យ៉ាងណាមិញ ក្នុងវិស័យទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចនៅទូទាំងពិភពលោកមាន​បណ្ដាញទូទាត់ប្រាក់ចំនួនបួនធំៗដែលគេនិយមប្រើប្រាស់គឺ VISA, Master Card, American Express និង Discover ប៉ុន្តែគួរកត់សម្គាល់ឃើញថា សម្រាប់ក្នុងប្រទេសកម្ពុជាយើងវិញ Visa Card និង Master Card គឺមានចរាចរច្រើនជាងគេ៕

ដកស្រង់ចេញពី៖ កាក់សេន – Kakcent

Leave a Reply

Your email address will not be published. Required fields are marked *