កើនឡើងទៀតហើយ!! ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣ នាក់ទៀតហើយ សុទ្ធជាករណីនាំចូលពីក្រៅទាំងអស់

ភ្នំពេញ៖ រសៀលថ្ងៃទី ២៥ កក្កដា ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការស្វែងរកឃើញករណីវិជ្ជមានកូវីដ-១៩​ថ្មី រហូតដល់២៣នាក់ទៀតហើយ ដែលជាអ្នកធ្វើដំណើរមកពីជើងហោះហើរពីប្រទេសអេហ្ស៊ីបលើកមុន និងពីប្រទេសឥណ្ឌូណេស៊ី។

អ្នកធ្វើដំណើរ ៤នាក់ ជនជាតិឥណ្ឌូណេស៊ី តាមជើងហោះហើរពីឥណ្ឌូណេស៊ី AK538 ដែលប្តូរជើងហោះនៅម៉ាឡេស៊ី មកដល់កម្ពុជាថ្ងៃទី ២៣ កក្កដា ២០២០ ម៉ោង១២:៤៥ នាទីរសៀល និង ៤នាក់ទៀត ជនជាតិខ្មែរ តាមជើងហោះហើរ KR 708  មកដល់កម្ពុជាថ្ងៃទី ២៣ កក្កដា ២០២០ វេលាម៉ោង ២១:៥០នាទីយប់ រកឃើញថាមានវិជ្ជមានកូវីដ-១៩។ រីឯបុរសជនជាតិខ្មែរ ១៥នាក់ទៀត ដែលមកតាមជើងហោះហើរពីប្រទេសរុស្ស៊ី  និងអេហ្ស៊ីប ដែលប្តូរជើងហោះហើរកាត់តាមប្រទេសម៉ាឡេស៊ី មកដល់ថ្ងៃទី​១៩ កក្កដា ២០២០ វេលាម៉ោង ១០:៤០ នាទីព្រឹក ក៏បានរកឃើញថាវិជ្ជមានសម្រាប់ការធ្វើតេស្តលើកទី៣ ក្នុងពេលកំពុងធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ថា អ្នកធ្វើដំណើរតាមជើងហោះហើរ AK538 មកជាមួយអ្នកដែលរកឃើញវិជ្ជមាននេះ  ១៤៨ នាក់ ដែលក្នុងនោះមាន២នាក់ទៀតអាការៈក្តៅខ្លួន ត្រូវបានបញ្ជូនទៅពិនិត្យបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។ អ្នកធ្វើដំណើរតាមជើងហោះហើរ KR708 ៥៩ នាក់ ផងដែរ។ អ្នកដែលមកតាមជើងហោះហើរទាំងពីរនេះ នឹងត្រូវយកទៅដាក់ធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលបានកំណត់។

សូមបញ្ជាក់ថា គិតដល់ព្រឹកនេះ កម្ពុជាមានករណីរកឃើញវិជ្ជមានសរុបចំនួន ២២៥ នាក់ហើយ ដែលក្នុងនោះ ១៤៣ នាក់បានជាសះស្បើយរួចហើយ ហើយមានអ្នកកំពុងបន្តព្យាបាល ៨២ នាក់ ក្នុងនោះ ៨០ នាក់ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ២នាក់ជាមន្ត្រីការទូតអាម៉េរិក កំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

 

Leave a Reply

Your email address will not be published. Required fields are marked *