ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ កក្កដានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីស្ថានភាពជំងឺកូវីដ-១៩ ដោយបានរកឃើញករណីឆ្លងថ្មី ៤ ករណីពីសំណាក់កងទ័ពខ្មែរមួកខៀវ ដែលបានត្រឡប់មកពីបេសកកម្មនៅប្រទេសម៉ាលី។
បើតាមការរាយការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលរកឃើញវិជ្ជមានថ្មីនេះ មាន
* បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
* បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប
* ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
អ្នកទាំង៤ខាងលើ ជាក្រុមកងទាហានមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី្ត ០៧នាក់) ដែលបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ក្រោយពីបានធ្វើតេស្តលើកទី១ ដែលអវិជ្ជមានវីរុសកូវីដ-១៩ ពួកគាត់ត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ។ យ៉ាងណាមិញ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ខាងលើនេះ។
បច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី ២៤នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២០២ នាក់ហើយ ដែលក្នុងនោះជាសះស្បើយដល់ ១៤២នាក់ហើយ។ អ្នកដែលនៅសម្រាកព្យាបាល ៦០ នាក់ ក្នុងនោះ ៦ នាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៥២ នាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និង ២នាក់ដទៃទៀតជាមន្ត្រីការទូតអាម៉េរិក កំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាម៉េរិក។
គួរកត់សម្គាល់ដែរថា ចុងក្រោយថ្មីៗនេះ ករណីនាំចូលកូវីដ-១៩ ពីខាងក្រៅ ជាប្រភពចម្បងនៃការកើនឡើងតួលេខជាបន្តបន្ទាប់នៅកម្ពុជា។