កូរ៉េបញ្ជូនយន្តហោះយោធា ២ គ្រឿង ទៅជម្លៀសពលរដ្ឋខ្លួនជាង ៣០០ នាក់ចេញពីប្រទេសអ៊ីរា៉ក់ ដែលកំពុងយាយីដោយកូវីដ-១៩

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ បានបញ្ជូនយន្តហោះយោធា ២ គ្រឿងដើម្បីទៅទទួលយកពលរដ្ឋខ្លួនជាង ៣០០ នាក់ដែលជាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលកំពុងរងគ្រោះដោយជម្ងឺកូវីដ-១៩ ខ្លាំងឡើងៗ។

យន្តហោះប្រភេទ KC-330 ទាំងពីរគ្រឿង បានហោះចេញពីមូលដ្ឋានកងទ័ពអាកាសនៅគីមហេ វេលាម៉ោងប្រហែល ៧ ព្រឹក ដែលនឹងទៅដល់អ៊ីរ៉ាក់ដើម្បីទទួលប្រជាពលរដ្ឋកូរ៉េ ២៩៧ នាក់ ភាគច្រើនជាពលករនៅទីនោះ ហើយនឹងហោះមកដល់ព្រលានអន្តរជាតិអ៊ីនឆន នៅព្រឹកថ្ងៃសុក្រស្អែកវិញ។

តាមការលើកឡើងរបស់រដ្ឋាភិបាល ក៏មានបុគ្គលិកពេទ្យយោធា និងមន្ត្រីចត្តាឡីស័ក ៤រូបផងដែរ ដែលនឹងទៅជាមួយក្រុមការងារក្នុងប្រតិបត្តិការសង្គ្រោះនេះ។ នៅពេលដែលមកកូរ៉េ អ្នកទាំងអស់ក៏នឹងត្រូវធ្វើតេស្តរកជម្ងឺកូវីដ-១៩ ហើយនិងធ្វើចត្តាឡីស័កទៅតាមវិធានការដែលបានកំណត់ផងដែរ។

សូមបញ្ជាក់ថា តាំងពីខែកុម្ភៈមក រដ្ឋាភិបាលកូរ៉េបានបញ្ជូនជើងហោះហើរដើម្បីទៅទទួលយកពលរដ្ឋខ្លួនពីច្រើនកន្លែងដូចជានៅ តំបន់វ៉ូហាន ប្រទេសជប៉ុន ប្រទេសអ៊ីរ៉ង់ ប្រទេសពេរ៉ូ និងប្រទេសអេចូពីផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *