សេអ៊ូល៖ កូរ៉េខាងត្បូងនឹងបង្កើនចំនួនកូតាចុះឈ្មោះចូលរៀនក្នុងសាលាពេទ្យ ហើយនឹងបង្កើតសាលាពេទ្យរបស់រដ្ឋថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើវិស័យសុខាភិបាល បើតាមការលើការលើកឡើងរបស់មន្ត្រីរាជរដ្ឋាភិបាលកូរ៉េ នាថ្ងៃព្រហស្បត្តិ៍នេះ។
ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសម្របសម្រួលគោលនយោបាយរវាងតំណាងគណបក្សនយោបាយ និងរដ្ឋាភិបាល។ បើតាមសេចក្តីសម្រេច រដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួនកំណត់សម្រាប់ចុះឈ្មោះចូលរៀនក្នុងសាលាពេទ្យរហូតដល់ ៤០០០ នាក់បន្ថែម ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២២នេះទៅ។ ក្នុងនោះ សិស្សដែលចុះឈ្មោះ ៣០០០ នាក់ នឹងត្រូវតម្រូវឱ្យចុះកម្មសិក្សានៅតាមតំបន់នានាតាមខេត្តក្នុងប្រទេសកូរ៉េ ដើម្បីហ្វឹកហាត់ជាមួយករណីជម្ងឺធ្ងន់ធ្ងរនានា។
រដ្ឋាភិបាលក៏នឹងបើកសាលាពេទ្យរដ្ឋថ្មីមួយ នៅឆ្នាំ២០២៤ ហើយក៏គ្រោងនឹងបើកសាលាពេទ្យនៅតាមតំបន់មួយចំនួនដែលមិនទាន់មានផងដែរ។
នេះជាយន្តការបន្ទាន់បំផុតមួយដែលត្រូវធ្វើ ក្នុងការបង្កើនកម្លាំងពលកម្មក្នុងវិស័យសុខាភិបាល ដើម្បីអាចត្រៀមខ្លួនបានកាន់តែល្អជាមួយជម្ងឺរាតត្បាតដែលកាចសាហាវដូចជាកូវីដ-១៩ នាពេលអនាគតខាងមុខ។