ពោធិ៍សាត់៖ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានធ្វើការណែនាំជាថ្មីទៀតពីបទពិសោធន៍ដ៏ជោគជ័យនៃកសិករខ្មែរយើង ក្នុងការដាំដុះដំណាំ ផ្កាចន្ធូ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ មានខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំចង់អញ្ជើញបងប្អូនកសិករ ពិនិត្យមើលការដាំដុះដំណាំផ្កាចន្ធូ របស់កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ដែលបានដាំផ្កាចន្ធូ លើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតាតែប៉ុណ្ណោះ ដែលការដាំដុះរបស់គាត់កំពុងប្រមូលផល។ លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់អោយដឹងថា ដំណាំផ្កាចន្ធូ បានដាំរយៈពេលមួយឆ្នាំមកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹក អស់ថវិកាសរុប ៨ ៦៨០ ០០០ រៀល ហើយចំពោះការប្រមូលផលវិញគឺបានធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០០ ០០០ រៀល ទៅ ៥០០ ០០០ រៀល រៀងរាល់ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន ០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់នៅក្រៅខេត្ត ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេលខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំ ចំណូលពីការលក់បានចំនួន ១៧ ២០០ ០០០ រៀល ចំណេញសរុបបានចំនួន ៨ ៥២០ ០០០រៀល។»