សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសដាក់ថ្ងៃទី ១៧ ខែសីហា ២០២០នេះ ជាថ្ងៃឈប់សម្រាកសម្រាប់ជាកាដូដល់ប្រទេសកូរ៉េទាំងមូល ដែលបានហត់នឿយពីការវាយលុកពីជម្ងឺកូវីដ-១៩ តាំងពីដើមឆ្នាំនេះមក។
គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងបានប្រកាសយកថ្ងៃចន្ទ ១៧ សីហា ២០២០ ខាងមុខនេះជាថ្ងៃឈប់សម្រាកតគ្នាបន្ទាប់ពីថ្ងៃចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តប្រជាជនខ្លួន ជាពិសេសអ្នកដែលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ។
លោកប្រធានាធិបតីមូនសង្ឃឹមថាថ្ងៃសម្រាកនេះ នឹងធ្វើឱ្យប្រជាជនយើងបានសម្រាកបន្តិចពីភាពនឿយហត់នៃការវាយប្រហារពីជម្ងឺកូវីដ កន្លងមក។
ក្នុងនោះដែរ ហេតុផលដទៃទៀតដែលជម្រុញឱ្យមានការប្រកាសបន្ថែមថ្ងៃឈប់សម្រាកនេះ គឺដោយសារថ្ងៃឈប់សម្រាកបុណ្យជាតិភាគច្រើនក្នុងឆ្នាំនេះ ចំថ្ងៃចុងសប្តាហ៍ស្រាប់ ជាក់ស្តែងដូចជាថ្ងៃឯករាជ្យជាតិកូរ៉េ នៅថ្ងៃទី ១៥ សីហា ដែលចំថ្ងៃសៅរ៍នោះ។ លើសពីនោះទៀត គេក៏រំពឹងថ្ងៃឈប់សម្រាកនេះ នឹងជម្រុញឱ្យមានការបង្កើនចំណាយបន្ថែមចាក់ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។ បើតាមវិទ្យាស្ថានស្រាវជាវ Hyundai Research Institute ថ្ងៃឈប់សម្រាកបន្ថែមនេះ រំពឹងថានឹងបង្កើនការចំណាយដល់ ៤.២ ទ្រីលានវ៉ុន (៣.៥ ប៊ីលានដុល្លារ) ឯណោះ។
ថ្ងៃឈប់សម្រាកដែលកំណត់ថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកធ្វើការទូទាំងប្រទេសបានឈប់សម្រាក បានដល់ ៣ថ្ងៃ រាប់ទាំងថ្ងៃចុងសប្តាហ៍ សៅរ៍ និងអាទិត្យផងដែរ។ ក្នុងនោះ រដ្ឋាភិបាលក៏បានប្រកាសថ្ងៃសុក្រទី ១៤ សីហា ជាថ្ងៃដែលគ្មានការដឹកជញ្ជូនផងដែរ សម្រាប់ឱ្យអ្នកធ្វើការក្នុងវិស័យនេះបានសម្រាកបន្ថែម ក្រោយពីបានបំពេញការងារយ៉ាងសកម្មបំផុតនាពេលកន្លងមក។