រកឃើញថ្មីទៀតហើយ! កម្ពុជារកឃើញករណីវិជ្ជមានកូវីដដល់ទៅ​ ២៦ នាក់ទៀតពីសំណាក់ជើងហោះហើរពីកូរ៉េខាងត្បូង រុស្ស៊ី និងអេហ្ស៊ីប

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី ២១ កក្កដា ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការស្វែងរកឃើញករណីវិជ្ជមានកូវីដ-១៩​ថ្មី រហូតដល់២៦នាក់ ដែលជាអ្នកធ្វើដំណើរមកពីជើងហោះហើរអេហ្ស៊ីប រុស្ស៊ី ដែលត្រូវប្តូរជើងហោះហើរកាត់តាមប្រទេសម៉ាឡេស៊ី និងពីកូរ៉េផងដែរ។

អ្នកធ្វើដំណើរតាមជើងហោះហើរពីអេហ្ស៊ីប រកឃើញវិជ្ជមានមានចំនួន៥នាក់ ហើយ២០នាក់ទៀតមកពីជើងហោះហើរពីប្រទេសរុស្ស៊ី ដែលប្តូរជើងហោះហើរកាត់តាមប្រទេសម៉ាឡេស៊ី មកដល់ថ្ងៃទី​១៩ កក្កដា ២០២០ វេលាម៉ោង ១០:៤០ នាទីព្រឹក និង ១នាក់ទៀតតាមជើងហោះហើរត្រង់ពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ កក្កដា ២០២០ វេលាម៉ោង០៩:៤៥ នាទីយប់។ អ្នកដែលរកឃើញវិជ្ជមានថ្មីនេះ សុទ្ធសឹងតែជាបុរស ហើយបច្ចុប្បន្នត្រូវបានដាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្នុងនោះដែរ អ្នកធ្វើដំណើរតាមជើងហោះហើរមកជាមួយអ្នកដែលរកឃើញវិជ្ជមាននេះ ១០៩ នាក់តាមជើងហោះហើរពីកូរ៉េ និង១១៩ នាក់ពីជើងហោះហើរប្តូរតាមប្រទេសម៉ាឡេស៊ី នឹងត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងដែលរដ្ឋាភិបាលបានកំណត់មានដូចជាមណ្ឌលចត្តាឡីស័កទ័ពអាកាសរាជធានីភ្នំពេញ ២០ នាក់ និងសណ្ឋាគារមួយនៅភ្នំពេញ ៨៩ នាក់ និងដទៃទៀតនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេច ហ៊ុន សែន បុរី១០០ខ្នង នៅភ្នំពេញ។

សូមបញ្ជាក់ថា គិតដល់ព្រឹកនេះ កម្ពុជាមានករណីរកឃើញវិជ្ជមានសរុបចំនួន ១៩៧ នាក់ហើយ ដែលក្នុងនោះ ១៤០ នាក់បានជាសះស្បើយរួចហើយ ហើយមានអ្នកកំពុងបន្តព្យាបាល ៥៧ នាក់ ក្នុងនោះ ៥៥ នាក់ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ២នាក់ជាមន្ត្រីការទូតអាម៉េរិក កំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *