មិនសរសើរមិនបាន! របរភ្ញាស់ និងចិញ្ចឹមកង្កែបរបស់កសិករខ្មែរយើងនៅក្រុងសួង រកចំណូលបានមួយខែពី ២០០០ ដល់ ៣០០០ ដុល្លារ

លោក​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗក្នុងវិស័យកសិកម្ម ពីសំណាក់ប្រជាជននៅតាមបណ្តាខេត្តផ្សេងៗមានដូចជា បទពិសោធន៍នៃការភ្ញាស់និងចិញ្ចឹមកង្កែប បទពិសោធន៍ការដាំដុះដំណាំផ្កាចន្ធូ និងកសិដ្ឋានវារីវប្បកម្មអន្ទង់។

ក្នុងអត្ថបទនេះ យើងនឹងធ្វើការចែករំលែកអំពីបទពិសោធន៍នៃការភ្ញាស់និងចិញ្ចឹមកង្កែបរបស់ប្រជាកសិករនៅសង្កាត់វិហារលួង ក្រុងសួង ដូចខាងក្រោម៖

អាងភ្ញាស់និងចិញ្ចឹមកង្កែបរបស់កសិករ សោម លី នៅសង្កាត់វិហារលួង ក្រុងសួង បានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែប ពីមានអាងចំនួន ៦ សម្រាប់ដាក់ មេពូជញី ២០ក្បាល ឈ្មោល ២០ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ ៣៥០ក្បាល និងឈ្មោល ៣៥០ក្បាល ហើយមកទល់បច្ចុប្បន្ននេះអាចមានលទ្ធភាពលក់កូនកង្កែបបានចំនួន ៥០ ០០០ក្បាល ។ ទន្ទឹមនឹងនេះ កសិកររូបនេះ បានភ្ញាស់កូនកង្កែប (កូនក្អុក) បានចំនួន ១០០ ០០០ក្បាល ដែលទៀបតែញាស់បានមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។ បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អណាស់ ដោយកូនកង្កែបមួយអាចលក់បានតម្លៃ ៤០០រៀល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្តព្រៃវែង។ ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០រៀល/គ.ក្រ អាចទទួលបានចំណេញបានចន្លោះពី ២ ០០០-៣ ០០០ដុល្លា/ខែ ហើយក្នុងរយៈពេល ៣-៤ខែខាងមុខនេះ គាត់មានផែនការពង្រីកបន្ថែមលើផ្ទៃដីចំនួន ២ហិកតាបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *