ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការមជ្ឈឹមយោធាកូរ៉េខាងជើងនៃគណបក្សកុំម្មុយនីស្តកូរ៉េខាងជើង ដែលក្នុងនោះមានរបៀបវារៈសំខាន់ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពក្នុងការធ្វើសង្គ្រាមបែបវាយបករបស់កូរ៉េខាងជើង នេះបើតាមចុះផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើងនេះ KCNA កាលពីថ្ងៃអាទិត្យនេះ។
បើតាមសារព័ត៌មាននេះ ថ្នាក់ដឹកនាំយោធាកូរ៉េខាងជើង ពិភាក្សាលើការពង្រឹងកសាងសមត្ថភាពកងយោធារបស់ខ្លួន និងការគោរពបទបញ្ជាឱ្យបានម៉ត់ចត់ពីសំណាក់មេទ័ពធំៗរបស់ខ្លួន ហើយក្នុងនោះក៏បានលើកឡើងពីតម្រូវការក្នុងការបង្កើនសព្វាវុធសម្រាប់បំពាក់ឱ្យកងយោធាវ័យក្មេងរបស់រដ្ឋកុំម្មុយនីស្តនេះផងដែរ។ លើសពីនោះទៀត ក្នុងកិច្ចប្រជុំមួយដោយឡែក មេដឹកនាំកូរ៉េខាងជើង និងសេនាប្រមុខរបស់ខ្លួនក៏បានពិនិត្យមើលលើយុទ្ធសាស្រ្តយោធា សម្រាប់ករណីផ្សេងៗដែលអាចកើតមានឡើងនៅក្នុងឧបទ្វីបកូរ៉េផ្ទាល់ ដែលអាចបង្កជាការគម្រាមកំហែងដល់ប្រទេសខ្លួន ដែលមានទាំងការបង្កើនសមត្ថភាពក្នុងការធ្វើសង្គ្រាមបែបវាយបកផងដែរ ដែលនេះអាចជាសញ្ញានៃការប្រកាសរបស់កូរ៉ខាងជើងក្នុងការបន្តនូវកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តទៀតផងដែរ។
កិច្ចប្រជុំនេះក៏មានការសម្រេចលើការផ្លាស់ប្តូរសមាសភាពមេដឹកនាំយោធាជាន់ខ្ពស់មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការបង្កើនសមត្ថភាពក្នុងការធ្វើសង្គ្រាមបែបវាយបក សំដៅដល់ការធ្វើសង្គ្រាមនៅក្នុងបរិបទដែលប្រទេសកូរ៉េខាងជើងត្រូវបានប្រទេសដទៃណាមួយចាប់ផ្តើមវាយប្រហារមុន ដែលក្នុងករណីនេះ ប្រទេសកូរ៉េខាងជើងអាចមានសមត្ថភាពវាយបងសង្គ្រប់ទៅលើគូសត្រូវវិញបានភ្លាមៗ។ ធាតុសំខាន់នៃការធ្វើសង្គ្រាមបែបនេះក្នុងបរិបទបច្ចុប្បន្ន គឺសំដៅដល់សមត្ថភាព និងការរក្សាបាននូវភាពសម្ងាត់នៃទីតាំងអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងមាន ពីសំណាក់យោធារបស់ប្រទេសជាសត្រូវ។
ក្នុងន័តនេះ នៅពេលដែលកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ នោះ កូរ៉េខាងជើងនឹងមិនអាចរងការគំរាមកំហែងផ្តេសផ្តាស ឬការឈ្លានពានធ្វើសង្រ្គាមពីប្រទេសណាមួយទេ។ មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ កូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដែលគេត្រូវគោរពកោតខ្លាច មិនមើលស្រាលដូចមុន។